ព័ត៌មានអន្តរជាតិ

នាវាឆ្មាំសមុទ្រចិននិងរុស្ស៊ី ចូលរួមបេសកម្មល្បាតរួមគ្នានៅដែនមហាសមុទ្រប៉ាស៊ីហ្វិកខាងជើង

image


ចិន-រុស្ស៊ី៖ នាវាឆ្មាំសមុទ្រចិនខ្នាតធំចំនួនពីរគ្រឿង បានបើកប្រតិបត្តិការល្បាតរួមគ្នាជាមួយកងនាវារុស្ស៊ីជាច្រើនគ្រឿង នៅឯតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងជើង ដើម្បីបង្កើនសមត្ថភាពសម្របសម្រួលកិច្ចសហការបេសកម្មដែនសមុទ្រ ក្នុងន័យរក្សាស្ថិរភាពនិងសណ្តាប់ធ្នាប់សម្រាប់ដំណើរការនេសាទនិងអាស្រ័យផលនៅក្នុងតំបន់ដែនសមុទ្រទឹកជ្រៅ។
បេសកម្មល្បាតរួមគ្នានេះ ផ្តោតសំខាន់ទៅលើការពង្រឹងសន្តិសុខដែនសមុទ្រ និងកិច្ចអន្តរាមគន៍ជួយសង្គ្រោះចំពោះហេតុការណ៍គ្រោះអាសន្ននាៗ ដោយក្នុងនោះក៏មានការសាកល្បងសមយុទ្ធពន្លត់អគ្គិភ័យនៅលើនាវាផងដែរ។
យោងតាមមន្ត្រីរបស់កងឆ្មាំសមុទ្រចិន ហៅកាត់ CCG បានឱ្យដឹងថា ការហ្វឹកហ្វឺននេះធើ្វឡើង ដើម្បីសាកល្បងសមត្ថភាពក្នុងការធើ្វសកម្មភាពឆ្លើយតបរួមគ្នាចំពោះស្ថានការណ៍គ្រោះអាសន្នបន្ទាន់នៅលើដែនសមុទ្រ អំឡុងបំពេញបេសកម្មល្បាតរួមគ្នារបស់កងឆ្មាំសមុទ្រចិន-រុស្ស៊ី។
ប្រភពមន្រ្តីចិនដដែល បានបន្តបញ្ជាក់ថា នៅក្នុងបេសកម្មល្បាតរួមគ្នានេះ ភាគីកងឆ្មាំសមុទ្រទាំងពីរ បានពង្រឹងបន្ថែមនូវសមត្ថភាពល្បាតដែនសមុទ្រ និងស្វែងយល់អំពីស្ថានភាពនិងវិធីសាស្រ្តក្នុងការបំពេញភារៈកិច្ចផ្សេងៗ សម្រាប់គោលដៅធានានូវសណ្តាប់ធ្នាប់ដំណើរការអាស្រ័យផលជលផលសមុទ្រ និងធនធានក្រោមទឹកនៅក្នុងតំបន់ដែនសមុទ្រទឹកជ្រៅនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងជើង៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect