មនុស្សប្រហែល ៧៨ នាក់ស្លាប់ នៅក្នុងឧបទ្ទវហេតុលិចទូកនៅឯបឹង Kivu ប្រទេសកុងហ្គោ

កុងហ្គោ៖ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អភិបាលស្រុក មានប្រសាសន៍ថា សាកសពប្រហែល ៧៨ នាក់ ត្រូវបានរកឃើញ ខណៈមនុស្ស ៤០ នាក់ផ្សេងទៀត ទទួលបានការជួយសង្គ្រោះ បន្ទាប់ពីកើតមានឧបទ្ទវហេតុលិចទូកនៅលើបឹងគីវូ (Kivu) ប្រទេសកុងហ្គោ ។
តាមរយៈខ្សែអាត់វីដេអូមួយ ដែលទីភ្នាក់ងារ Reuters កំពុងត្រួតពិនិត្យ ហាក់ដូចជាបង្ហាញថា ទូកពីរជាន់បានផ្អៀងទៅម្ខាងខ្លាំងទៅៗ រួចក៏លិចចូលទៅក្នុងទឹក ទាំងដែលមិនបញ្ហាអាកាសធាតុអ្វីទាំងអស់ ។ ទោះជាបែបណាក្តី ភ្នាក់ងារ Reuters នៅមិនទាន់អាចផ្ទៀងផ្ទាត់វីដេអូខាងលើ បានភ្លាមៗនៅឡើយទេ ។
ទន្ទឹមនឹងនេះ អភិបាលខេត្តគីវូខាងត្បូង (South Kivu) លោក ហ្សង់ ចាកឃើស ភើរីស៊ី (Jean Jacques Purisi) បានប្រាប់ភ្នាក់ងារសារព័ត៌មានរ៉យទ័រថា មនុស្សចំនួន ២៧៨ នាក់ស្ថិតនៅលើទូកដែលជួបគ្រោះថ្នាក់។ លោកបានបន្តរៀបរាប់ទៀតថា ក្នុងរយៈពេលជាច្រើនថ្ងៃមកហើយ គេមិនទាន់អាចកំណត់តួលេខអ្នកស្លាប់ឱ្យបានពិតប្រាកដនៅឡើយទេ (អាចដោយសារតែកិច្ចការជួយសង្គ្រោះកំពុងបន្ត និងមានភាពលំបាកសម្រាប់បុគ្គលពាក់ព័ន្ធ) ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect





