ព័ត៌មានអន្តរជាតិ

មន្ត្រី អ.ស.ប និយាយថា ជនស៊ីវិលរងទុក្ខវេទនាយ៉ាងខ្លាំង នៅក្នុងបញ្ហាជម្លោះរវាងអ៊ីស្រាអែលនិងលីបង់

image


សហប្រជាជាតិ៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំប្រទេសលីបង់ បានរៀបរាប់ថា ជិតពីរសប្តាហ៍មកហើយ ដែលជនស៊ីវិលនៅក្នុងប្រទេសនេះ កំពុងតែប្រឈមមុខនឹងកាលៈទេសៈរងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរជាទីបំផុត ក្រោយការវាយប្រហារយ៉ាងខ្លាំងក្លាពីទាហានអ៊ីស្រាអែលដើម្បីប្រឆាំងនឹងក្រុមហេសបូឡាហ៍ដែលគាំទ្រដោយអ៊ីរ៉ង់ ។

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ្នកសម្របសម្រួលនិងទទួលបន្ទុកកិច្ចការមនុស្សធម៌របស់ អ.ស.ប លោក អ៊ីមរ៉ាន រីហ្សា (Imran Riza) មានប្រសាសន៍ថា មនុស្សប្រហែល ១ លាននាក់នៅក្នុងប្រទេសលីបង់ កំពុងរងផលប៉ះពាល់ និងតួលេខនៃអ្នកភៀសខ្លួនចេញពីទីលំនៅចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា បានកើនឡើងលើសពីការរំពឹងទុក ហើយហេដ្ឋារចនាសម្ព័ន្ធស៊ីវិល (ប្រព័ន្ធនិងមធ្យោបាយគាំទ្រប្រចាំថ្ងៃសម្រាប់ប្រជាជនស៊ីវិល) ជាច្រើនអនេក ត្រូវរងការខូចខាត ។

នៅក្នុងបទសម្ភាសន៍មួយដោយសំដៅទៅដល់ថ្ងៃដែលទ័ពអ៊ីស្រាអែល «បានបង្កើនការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងនៅក្នុងប្រទេសលីបង់ ដោយសម្លាប់មនុស្សជាង ៥០០ នាក់នៅក្នុងថ្ងៃតែមួយ» លោក រីហ្សា (Riza) បាននិយាយថា "អ្វីដែលយើងទាំងអស់គ្នា បានឃើញចាប់ពីថ្ងៃទី ២៣ ខែកញ្ញា គឺពិតជាមហន្តរាយយ៉ាងធ្ងន់ធ្ងរជាទីបំផុត" ។ លោកមានប្រសាសន៍ជាបន្តថា វាធ្វើឱ្យកើតមានរបួសផ្លូវចិត្តយ៉ាងខ្លាំងពុំអាចគណនាសម្រាប់ប្រជាជនរងផលប៉ះពាល់ពីវិបត្តិនាពេលពេលនេះ ។

ដោយឡែក អ៊ីស្រាអែល និយាយថា យុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងក្រុមប្រដាប់អាវុធហេសបូឡាហ៍ (Hezbollah) ជុំវិញគោលបំណង ដើម្បីធានាថា ការវិលត្រឡប់របស់ប្រជាជនអ៊ីស្រាអែលដែលបានជម្លៀសចេញពីតំបន់ក្បែរព្រំដែនភាគខាងជើងជិតប្រទេសលីបង់ «ត្រូវតែមានសុវត្ថិភាព» ។

ទោះជាបែបណាក្តី លោក រីហ្សា (Riza) បញ្ជាក់ឱ្យដឹងដែរថា ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយ បុគ្គលិកពេទ្យ និងក្រុមអ្នកសង្គ្រោះបន្ទាន់ចំនួន ៩៧ នាក់បានបាត់បង់អាយុជីវិត ស្របពេលការវាយប្រហារបង្កឱ្យមានការខូចខាតយ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយជនស៊ីវិលបាននិងកំពុង "ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីអ្វីដែលកំពុងកើតឡើង" ។ លោកបានកត់សម្គាល់ថា ច្បាប់មនុស្សធម៌អន្តរជាតិតម្រូវឱ្យមនុស្សធម៌ត្រូវតែមានការអនុញ្ញាតឱ្យចូលទៅដល់មនុស្សដែលកំពុងត្រូវការពិតប្រាកដ ហើយហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ត្រូវតែទទួលបានការការពារ ។

កាលពីថ្ងៃអង្គារ ដើមខែតុលា លោករីហ្សា និងនាយករដ្ឋមន្ត្រីលីបង់ ណាជីព មីកាទិ (Najib Mikati) បានប្រកាសពីគំនិតផ្តួចផ្តើមរៃអង្គាសថវិកាចំនួន ៤២៦ លានដុល្លារអាម៉េរិក ដើម្បីប្រមូលយកមកផ្តល់ជំនួយ និងគាំទ្រជនស៊ីវិលដែលរងផលប៉ះពាល់ចេញពីជម្លោះនិងវិបត្តិមនុស្សធម៌ ។

គួររំឭកថា ជម្លោះបានចាប់ផ្តើមកាលពីជិតមួយឆ្នាំមុន នៅពេលក្រុមហេសបូឡាហ៍ បានបើកការបាញ់ប្រហារដែលអះអាងថាដើម្បីបង្ហាញនូវសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តក្រុមហាម៉ាស់។ នេះជាជម្លោះដ៏អាក្រក់បំផុត ចាប់តាំងពីក្រុមនេះ បានធ្វើសង្រ្គាមរយៈពេល ៣៤ ថ្ងៃជាមួយអ៊ីស្រាអែលក្នុងឆ្នាំ ២០០៦ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect