អាឡឺម៉ង់ លើកឡើងថា នាវាឆ្មាំសមុទ្រចិនបានធើ្វសកម្មភាពឃ្លាំមើលកប៉ាល់របស់ខ្លួន អំឡុងការធើ្វដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់
អាឡឺម៉ង់៖ កាលពីខែកញ្ញាកន្លងទៅ កប៉ាល់យោធារបស់អាឡឺម៉ង់ចំនួនពីរគ្រឿង បានធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូងដ៏កម្រ ញ៉ាំងឱ្យប្រទេសចិន បង្ហាញការមិនចេញចិត្តជាខ្លាំង ចំពោះចេតនាចង់ស្ទាបស្ទង់ប្រតិកម្មរបស់ចិនពីសំណាក់អាឡឺម៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ស្របពេលស្ថានការណ៍ក្នុងតំបន់ច្រកសមុទ្រមួយនេះ កំពុងតែមានភាពតានតឹង។
ជុំវិញហេតុការណ៍នេះ មេបញ្ជាការកងបេសកកម្មជើងទឹកអាឡឺម៉ង់មួយរូប ទើបចេញមុខបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អំពីស្ថានការណ៍ប្រឈមមុខដាក់គ្នា រវាងនាវាចម្បាំងអាឡឺម៉ង់និងនាវាឆ្មាំសមុទ្រចិនក្នុងតំបន់ដែនទឹកខាងលើ ដោយរៀបរាប់ថា នាវារបស់ចិនបានបញ្ជូនសារណែនាំជាច្រើនលើកមកកាន់ភាគីអាឡឺម៉ង់ ហើយបានធើ្វការឃ្លាំមើលពីចម្ងាយយ៉ាងសកម្ម ប៉ុន្តែភាគីចិនពុំបានបង្ហាញសកម្មភាពគ្រោះថ្នាក់ណាមួយចំពោះវត្តមាននាវាចម្បាំងរបស់អាឡឺម៉ង់នោះឡើយ។
ប្រភពដដែលឱ្យដឹងថា នៅក្នុងសារសំឡេងបញ្ជូនមកកាន់ភាគីអាឡឺម៉ង់ កងឆ្មាំសមុទ្រចិនបានអះអាងអំពីសិទ្ធិអធិបតេយ្យភាពស្របច្បាប់របស់ខ្លួនទៅលើតំបន់ច្រកសមុទ្រតៃវ៉ាន់ និងបានជំរុញឱ្យនាវារបស់អាឡឺម៉ង់ចាកចេញពីតំបន់ដែនទឹកខាងលើ ស្របពេលភាគីកងនាវិកអាឡឺម៉ង់វិញ បានធើ្វការឆ្លើយឆ្លងដោយទទូចចាត់ទុកច្រកសមុទ្រតៃវ៉ាន់ថា ជាតំបន់ដែនសមុទ្រអន្តរជាតិ និងបានបដិសេធសំណើរបស់ភាគីឆ្មាំសមុទ្រចិន ខណៈបានសង្កាត់ធ្ងន់បន្ថែមទៀត អំពីសិទ្ធិសេរីភាពក្នុងការធើ្វនាវាចរណ៍។
គួរជម្រាបថា វត្តមាននាវាចម្បាំងទាំងពីរគ្រឿងរបស់អាឡឺម៉ង់ខាងលើនេះ ត្រូវគេឱ្យដឹងថា គឺជាផ្នែកមួយនៃកងបេសកម្មឥណ្ឌូប៉ាស៊ីហ្វិកលើកទីពីររបស់យោធាអាឡឺម៉ង់ ដែលមានគោលដៅចូលរួមធើ្វសមយុទ្ធយោធាជាមួយក្រុមប្រទេសសម្ព័ន្ធមិត្ត ក្នុងកិច្ចពង្រឹងសិទ្ធិសេរីភាពដែនសមុទ្រនៅក្នុងតំបន់ និងបានធើ្វដំណើរឆ្លងកាត់ដែនសមុទ្រប្រទេសជាច្រើន មុននឹងបានមកដល់ទឹកដីប្រទេសសិង្ហបុរីកាលពីថ្ងៃពុធកន្លងទៅ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect