គណបក្សមួយនៅប៉ាគីស្ថាន ដឹកនាំការតវ៉ា ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងខួបមួយឆ្នាំនៃសង្គ្រាមនាតំបន់ហ្គាហ្សា
ប៉ាគីស្ថាន៖ មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសប៉ាគីស្ថាន បាននាំគ្នាដើរដង្ហែក្បួនរៀបចំដោយគណបក្សអ៊ីស្លាមនិយម ចាម៉ាត់ អ៊ី-អ៊ីស្លាមិ (Jamaat-e-Islami) ស្ថិតនៅភាគខាងត្បូងទីក្រុងការ៉ាជិ ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនក្នុងតំបន់ហ្គាហ្សា ក្នុងខួបរយៈពេលមួយឆ្នាំនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់កំពុងរងគ្រោះ ។
អ្នកចូលរួមកាលពីថ្ងៃអាទិត្យ រួមមានទាំងបុរស ស្រ្តី និងកុមារ បានកាន់ទង់ជាតិប៉ាឡេស្ទីន ប៉ាគីស្ថាន និងទង់គណបក្ស ព្រមទាំងលើកផ្ទាំងបដា និងស្រែកថា «សូមឱ្យសេចក្តីមរណកើតមានចំពោះអ៊ីស្រាអែល» ។
ស្ថិតនៅក្នុងការជួបជុំនេះ មេដឹកនាំគណបក្ស ចាម៉ាត់ អ៊ី-អ៊ីស្លាមី (Jamaat-e-Islami) បានថ្លែងសុន្ទរកថា ដោយទាមទារឱ្យបញ្ចប់ការបង្ហូរឈាមនៅតំបន់ហ្គាហ្សា និងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ។
គួររំឮកថា ក្រោយការលបលួចវាយឆ្មក់ដោយក្រុមហាម៉ាស ទៅកាន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា មួយឆ្នាំមុន បានធ្វើឱ្យអ៊ីស្រាអែល ចេញប្រតិបត្តិការវាយប្រហារសងសឹកក្រុមហាម៉ាសនៅឯតំបន់ហ្គាហ្សា រហូតសម្លាប់ពលរដ្ឋជាតិប៉ាឡេស្ទីនជិត ៤២,០០០ នាក់ នេះបើយោងតាមការបញ្ជាក់ដោយមន្ត្រីពេទ្យក្នុងតំបន់ហ្គាហ្សា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព/ រូបភាព៖ Reuters Connect