ព័ត៌មានអន្តរជាតិ

មេដឹកនាំក្រុមហាម៉ាសដែលកំពុងនិរទេសខ្លួន ប្តេជ្ញាតស៊ូក្រោកឈរដើម្បីប្រយុទ្ធ ទោះរងការខាតបង់ធ្ងន់ធ្ងរក៏ដោយ

image


កាតា៖ កាលពីដើមសប្តាហ៍នេះ មេដឹកនាំក្រុមហាម៉ាសដែលកំពុងនិរទេសខ្លួន លោក ខាឡេដ ម៉េសាល (Khaled Meshaal) និយាយថា ក្រុមសកម្មប្រយុទ្ធរបស់ប៉ាឡេស្ទីននឹងប្តេជ្ញាតស៊ូងើបចេញពីផេះ បើទោះបីជារងការខាតបង់យ៉ាងធ្ងន់ធ្ងរ ក្រោមស្នាដៃអ៊ីស្រាអែលក៏ដោយ ហើយក្រុមរបស់ខ្លួននៅតែបន្តកែនអ្នកប្រយុទ្ធសកម្មដើម្បីពង្រឹងសមត្ថភាព និងផលិតអាវុធ។

មួយឆ្នាំបន្ទាប់ពីជម្លោះបង្ហូរឈាមដ៏រ៉ាំរ៉ៃ លោក ម៉េសាល (Meshaal) ពណ៌នាថា ជម្លោះជាមួយអ៊ីស្រាអែលនាពេលបច្ចុប្បន្ន គឺបង្ហាញពីការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីនអស់រយៈពេល ៧៦ឆ្នាំមកហើយ វាដូចគ្នានឹងសង្គ្រាមដែលប៉ាឡេស្ទីនហៅថា «ណាក់បា» "Nakba" ឬមានន័យថា «មហន្តរាយ» ដោយកាលនោះបានធ្វើឱ្យមនុស្សជាច្រើនរត់ភៀសខ្លួនអំឡុងសង្គ្រាមឆ្នាំ ១៩៤៨ ស្របពេលនៃការបង្កើតប្រទេសអ៊ីស្រាអែល ។

ថ្លែងនៅក្នុងបទសម្ភាសន៍ ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ឥស្សរជនជាន់ខ្ពស់ក្រុមហាម៉ាស វ័យ ៦៨ឆ្នាំ លោកម៉េសាល (Meshaal) បានរៀបរាប់ថា «ប្រវត្តិសាស្ត្រដ៏ជូរចត់របស់ប៉ាឡេស្ទីន រងការខាតបង់ និងប្រឈមភាពលំបាកជាហូរហែ ប៉ុន្តែទាំងអស់នេះ បានធ្វើឱ្យយើងតស៊ូ និងខិតខំរស់ឡើងវិញ» ។

លោកបានរៀបរាប់ជាបន្តថា “ប៉ាឡេស្ទីន ឆ្លងកាត់ដំណាក់កាលជាច្រើនរាប់មិនអស់ រួមមានការខាតបង់យ៉ាងធំធេង ដូចជាជីវិត និងកម្លាំងទ័ព” ទោះជាបែបណាក្តី លោកជឿជាក់លើស្មារតីរបស់ប៉ាឡេស្ទីន ក្នុងការងើបចេញពីផេះ ក្រោកឈរតស៊ូឡើងវិញ ទោះប្រឈមបញ្ហាបែបណាក៏ដោយ ។

លោកម៉េសាល (Meshaal) ដែលជាមេដឹកនាំរបស់ក្រុមហាម៉ាសចាប់ពីឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ ២០១៧ បានរៀបរាប់ពីរឿងរ៉ាវផ្ទាល់ខ្លួនថា ក្នុងឆ្នាំ ១៩៩៧ លោកបានរួចរស់ជីវិតពីការប៉ុនប៉នធ្វើឃាតរបស់អ៊ីស្រាអែល បន្ទាប់ពីលោកត្រូវគេចាក់ថ្នាំបំពុល ប៉ុន្តែទោះជាយ៉ាងណា ក្រុមសកម្មប្រយុទ្ធឥស្លាមនៅតែអាចវាយឆ្មក់ប្រឆាំងនឹងកងទ័ពអ៊ីស្រាអែលបាន មានន័យថា ក្រុមនេះ នៅតែអាចរក្សាសមត្ថភាព និងភាពធន់ ទោះប្រឈមកាលៈទេសៈលំបាកបែបណាក្តី ។

លោកម៉េសាល (Mishaal) លើកឡើងបន្ថែមទៀតថា "យើងបានបាត់បង់ធនធានយោធាជាច្រើន រួមទាំងគ្រាប់រំសេវ និងអាវុធ ប៉ុន្តែយើងនៅតែកែនយុវជន និងបន្តផលិតគ្រឿងយុទ្ធោបករណ៍សំខាន់ៗ"។

រហូតមកដល់ពេលនេះ លោក ម៉េសាល (Meshaal) នៅតែមានឥទ្ធិពលនៅក្នុងក្រុមហាម៉ាស ដោយសារតែលោកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំអស់រយៈពេលជិត ៣ ទសវត្សរ៍មកហើយ ដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយ ថាជាអ្នកតំណាងផ្នែកការទូតដ៏សំខាន់របស់ក្រុម។

ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគ និយាយថា អ៊ីស្រាអែលមិនមានផែនការច្បាស់លាស់សម្រាប់តំបន់ហ្គាហ្សានៅពេលបញ្ចប់សង្គ្រាមនោះទេ ហើយនេះ អាចនឹងអនុញ្ញាតឱ្យក្រុមហាម៉ាស មានឱកាសក្នុងការបង្កើតឥទ្ធិពលឡើងវិញ ទោះបីមិនមានសមត្ថភាពគ្រប់គ្រាន់ដូចមុនក៏ដោយ ។

ក្នុងពេលដំណាលគ្នា ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានធ្វើការបដិសេធចំពោះការអត្ថាធិប្បាយណាមួយជុំវិញពាក្យសម្តីរបស់លោក ម៉េសាល (Meshaal) នោះទេ ។

យោងតាមមន្ត្រីពេទ្យនៅតំបន់ហ្គាហ្សា បានឱ្យដឹងថា ចាប់តាំងពីចាប់ផ្តើមសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល នាថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សាជាង ៤២,០០០ នាក់ហើយ ខណៈអ៊ីស្រាអែល និយាយថា ក្នុងចំណោមអ្នកស្លាប់មួយភាគបីក្នុងតំបន់ហ្គាហ្សា មានប្រហែល ១៧,០០០ នាក់ជាក្រុមសកម្មប្រយុទ្ធ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ NBC News/ New York Times/ Others