សង្គម

ក្រសួងអប់រំ៖ បាក់ឌុបឆ្នាំនេះ បញ្ចប់​ដោយ​ជោគជ័យ, ពិន្ទុជាប់ ២៣៧ ខណៈលទ្ធផលប្រឡង​ ៣០ តុលា​ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និង ៣១ តុលា ​តាមបណ្ដាខេត្តផ្សេង​ៗ

image


អត្ថបទ៖​CNC
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បរិយាកាស​ទូទៅ​នា​រសៀល​ថ្ងៃ​ទី​២ ​ក្រោយ​ពេល​បញ្ចប់​ដំណើរ​ការ​សំណេរ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ(បាក់ឌុប)។


ក្រសួងអប់រំ បានបញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ ៖ ០៨ តុលា ២០២៤ ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ និង​មិន​មាន​ហេតុ​ការ​ខុស​ប្រក្រតី​កើត​មាន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ ។


ចំណែក​បេក្ខជន​ដែល​បាន​ចេញ​ពី​ការ​ប្រឡង​មាន​ទឹក​មុខ​ស្រស់ស្រាយ សប្បាយ​រីករាយ ដែល​បញ្ជាក់​ថា​ដំណើរ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ពិត​ជា​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។


យោងតាមក្រសួងអប់រំ យុវជន និងកីឡា ​ នាព្រឹកថ្ងៃទី២នេះ មានបេក្ខជនអវត្តមានសរុប ២.៣៦៤ នាក់ ស្រី៩០៧ នាក់ (កើនលើសថ្ងៃទី៨ ខែតុលា ចំនួន៤៦នាក់) ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១.៩៥៥នាក់ ។ បេក្ខជនមានបញ្ហាសុខភាពចំនួន ៤៤នាក់ ក្នុងនោះ ៤នាក់បោះបង់ការប្រឡង ៧នាក់ត្រូវបានបញ្ជូនទៅប្រឡងក្នុងបន្ទប់ដាច់ដោយឡែក និងរងគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ ។


ស្របគ្នានេះ អនុរក្ស អប្បមាទ និងគណៈកម្មការ ដែលមានបញ្ហាសុខភាពមានចំនួន១០នាក់ (ករណីគ្រុនពោះវៀន និងលើសឈាម)។ អនុរក្សអនុវត្តខុសបទបញ្ជាមាន ២ ករណី (អនុរក្ស ១នាក់ប្រើទូរស័ព្ទថតវិញ្ញាសា នៅមណ្ឌល វិទ្យាល័យវឌ្ឍនៈឈូងលាភ ខេត្តកណ្តាល និងអនុរក្ស ១នាក់ យកទូរស័ព្ទចូលបន្ទប់ប្រឡង នៅមណ្ឌល អនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ)។


សូមបញ្ជាក់ដែរ ក្រសួងអប់រំ យុវជន និងកីឡា កំណត់យកពិន្ទុ ២៣៧ ជាពិន្ទុដែលជាប់នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។


ចំពោះការប្រកាសលទ្ធផលក្រសួងអប់រំកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀលសម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ ចំណែកខេត្តកណ្តាល និងខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសនឹងប្រកាសនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤៕