ទូកមានឈ្មោះនរិន្ទរង្សីពិជ័យចិត្របុត្រ និងនរិន្ទចេស្តាវង្សារង្សី របស់វត្តឯករង្សី ជាទូកធ្លាប់ជាប់ចំណាត់លេខ១ នៅថ្នាក់ជាតិ ត្រូវបានធ្វើពិធីទម្លាក់ពីបង្គងត្រៀមហាត់សម មុនពេលការប្រកួតនៅខេត្តបាត់ដំបង ខិតជិតមកដល់
បាត់ដំបង៖ វត្តឯករង្សី ស្ថិតនៅក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរៀបចំពិធីទម្លាក់ទូកពីបង្គង ដែលមានទូកចំនួន២គ្រឿង គឺទូកនរិន្ទរង្សីពិជ័យចិត្របុត្រ និងទូកនរិន្ទចេស្តាវង្សារង្សី ដែលជាទូកធ្លាប់ ជាប់ចំណាត់លេខ១ នៅថ្នាក់ជាតិ ដើម្បីត្រៀមហាត់សម មុនពេលប្រកួតនៅខេត្តបាត់ដំបង បានខិតជិតមកដល់ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណវត្តឯករង្សី ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ព្រះតេជគុណ ចម ចិត្រ ព្រះអនុគណស្រុកឯកភ្នំ និងជាព្រះចៅអធិការវត្តឯករង្សី មានសង្ឃដីការថា ពិធីទម្លាក់ទូកពីបង្គង គឺជាទំនៀមទម្លាប់របស់អ្នកស្រុក ដែលមានគ្រឿងរណ្តាប់ផ្សេងៗ តាមប្រពៃណីបុរាណ ។ ព្រះអង្គមានសង្ឃដីកាទៀតថា នៅក្នុងពិធីនោះ គឺមានការចងសាកសពមាន់ឆ្កាង លើទូក ដែលជាទំនៀមទម្លាប់របស់វត្ត គេតែងធ្វើរបៀបនេះទៅទម្លាក់តាមមាត់អន្លង់ ឬមុខវត្ត ដែលភាគច្រើនធ្វើសម្រាប់តែទូកប៉ុណ្ណោះ ដើម្បីសែនដល់ខ្មោចទឹក ឬជើងកប ឬក៏អារក្សទឹកជាដើម ។
ព្រះតេជគុណ ចម ចិត្រ មានសង្ឃដីការបន្ថែមថា មូលហេតុដែលធ្វើពិធីបូជាដល់ខ្មោចទឹកតាមជំនឿបែបនេះ ក្រែងលោគេកំពុងដេកសុខស្រួល ពេលយើងចុះទៅសម មានការហ៊ោកញ្ជៀវធ្វើឱ្យរំខានដល់គេ ដូច្នោះយើងត្រូវមានការសុំអនុញ្ញាតពីម្ចាស់ទឹក ដើម្បីហាត់សមទូកមុនយកទៅចូលរួមប្រណាំង ហើយប្រសិនបើទូកមិនទាន់ធ្វើពិធីទម្លាក់ទេ គឺមិនហ៊ានយកទៅហាត់សមបាននោះឡើយ ។
ទូកវត្តឯករង្សីតែងតែទទួលបានជ័យលាភីលេខ១ ទាំងការប្រកួតនៅក្នុងខេត្ត និងថ្នាក់ជាតិ ដែលកន្លងទៅធ្លាប់ចាញ់តែបីលើកបុណ្ណោះ ក្នុងរយៈ២០ប្រកួត នេះបើតាមការបញ្ជាក់ពីព្រះអង្គព្រះចៅអធិការវត្តឯករង្សី ជាអ្នកគ្រប់គ្រងទូកនរិន្ទរង្សីពិជ័យចិត្របុត្រ និងទូកនរិន្ទចេស្តាវង្សារង្សី ហើយព្រះអនុគណស្រុកឯកភ្នំ និងជាចៅអធិការវត្តឯករង្សី ដាក់ការរំពឹងទុកថា ទូកនរិន្ទរង្សីពិជ័យចិត្របុត្រ និងទូកនរិន្ទចេស្តាវង្សារង្សី នឹងដណ្ដើមយកជ័យជំនះបាននាឆ្នាំនេះម្តងទៀត ។
ទូកវែងឈ្មោះនរិន្ទរង្សីពិជ័យចិត្របុត្រ ចំណុះ ៧៥នាក់ និងទូកនរិន្ទចេស្តាវង្សារង្សី ចំណុះ២២នាក់ ដែលបានហាត់សមក្នុងស្ទឹងសង្កែ ដើម្បីត្រៀមការប្រកួតក្នុងពិធីប្រណាំងទូក និងបណ្តែតប្រទីប ក្នុងក្រុងបាត់ដំបង ខាងមុខនេះ ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿង ក៏ដូចជាទំនៀមទម្លាប់របស់អ្នកស្រុកនៅខេត្តបាត់ដំបង ដែលបានរៀបចំពិធីប្រណាំងនេះជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិបានចូលរួមទស្សនាកម្សាន្ត ដោយក្តីសប្បាយរីករាយ ៕
ដោយ៖ ឡាច សុគន្ធាវី