សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនមានផែនការ បញ្ជូនយន្តហោះទៅដឹកនិស្សិត និងពលរដ្ឋកម្ពុជា ចេញពីអ៉ីស្រាអែល ដែលកំពុងមានសង្គ្រាមនោះទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានផែនការយកយន្តហោះ ដឹកនិស្សិត និងពលរដ្ឋកម្ពុជា ចេញពីប្រទេសអ៉ីស្រាអែល ដែលកំពុងមានសង្គ្រាមនោះទេ។
មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០, សម្តេចធិបតី បានផ្ដាំផ្ញើរព័ត៌មាននៃជូនទៅកាន់ឪពុកម្ដាយនិស្សិត ដែលកំពុងសិក្សានៅអ៉ីស្រាអែលថា រាជរដ្ឋាភិបាល ទោះបីប្រទេសកម្ពុជា មានសុខសន្តិភាពក៏ដោយ ក៏យើងមិនបានភ្លេចទៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅក្រៅប្រទេស រងប្រឈមនៅក្នុងតំបន់ដែលមានសង្គ្រាមនោះទេ។
ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ជាឲ្យផ្អាកការបញ្ជូននិស្សិតកម្ពុជា ទៅសិក្សានៅអ៉ីស្រាអែល និងបានណែនឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានទំនាក់ទំនងត្រូវតាមជាប់ជាប្រចាំ ខណ:បច្ចុប្បន្ន មាននិស្សិត និងពលរដ្ឋកម្ពុជា ចំនួន២២០នាក់ កំពុងនៅអ៉ីស្រាអែល។
សម្តេចបញ្ជាក់ថា រហូតមកដល់ពេលនេះ ពលរដ្ឋនិងនិស្សិតកម្ពុជាទាំង២២០នាក់នោះ នៅកន្លែងសុវត្ថិភាពទាំងអស់។
សម្តេចធិបតី ក៏បានណែនាំឱ្យកម្ទេចសម្ភារចោល និងដកកងកម្លាំងថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ របស់កម្ពុជា ចេញមកពីប្រទេសលីបង់វិញ ក្នុងករណីស្ថានភាពនៅទីនោះអាក្រក់ខ្លាំង។
ក្នុងឱកាសនោះដែរ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីគុណតម្លៃនៃសន្តិភាព ដែលកំពុងមាននៅកម្ពុជា។ សន្តិភាព មានតម្លៃសម្រាប់មនុស្សគ្រប់វ័យ គ្រប់រូប និងគ្រប់ជំនាន់ មិនថាសាសនាណា រស់នៅទីណា អ្នកក្រុងឬអ្នកខេត្តនោះទេ សន្តិភាពគឺមានតម្លៃដូចគ្នា។
បើសិនជាយើងបាត់សន្តិភាព គឺគ្រោះថ្នាក់។ ក្នុងន័យនេះ សម្តេចធិបតី បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នាការពារឱ្យបាន នូវសន្តិភាពទោះក្នុងតម្លៃណាក៏ដោយកុំឲ្យបាត់៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ អេង សុគុណ, លឹម មុនី