សង្គម

សម្តេចតេជោ ប្រធានព្រឹទ្ធសភា ​មានសុទិដ្ឋិនិយម ចំពោះវិធីសាស្រ្តថ្មី ដែលអាចទាញសភាពការណ៍មីយ៉ាន់ម៉ា ឈានទៅរកការចរចាបាន

image


ភ្នំពេញ៖ សម្តេចតេជោ ប្រធានព្រឹទ្ធសភា មានសុទិដ្ឋិនិយម ចំពោះវិធីសាស្រ្តថ្មី ដែលអាចទាញសភាពការណ៍មីយ៉ាន់ម៉ា ឈានទៅរកការចរចាបាន។ សម្តេចតេជោ បានបញ្ជាក់ថា ដំណោះស្រាយយោធា មិនអាចដោះស្រាយបញ្ហាមីយ៉ាន់បាននោះទេ ហើយ ការស្វែងរកសន្តិភាព តាមរយៈការចរចាទាមទារនូវពេលវេលា។

ការថ្លែងនេះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ លោក Christian Lechervy (គ្រីស្សង់ ឡឺសែវី ) ឯកអគ្គរដ្ឋទូត និងជាប្រេសិតពិសេសបារាំង ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

ក្នុងឱកាសនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការជួបចរចា និងធ្វើការជាមួយនឹងអ្នកកាន់អំណាចជាក់ស្តែង នៅក្នុងការដោះស្រាយវិបត្តិ និងផ្តល់ជំនួយមនុស្សធម៌។

សម្ដេចតេជោ បន្តថា ស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ាមានភាពស្មុគស្មាញ ដែលគួរតែត្រូវបានគិតគូរឡើងវិញ ចំពោះកញ្ចប់ផែនការថ្មីនៃដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្ន ដោយមូលហេតុថា កិច្ចព្រមព្រៀងកុងសង់ស៊ីស៥ចំណុចរបស់មេដឹកនាំអាស៊ាននាពេលនេះ ហាក់បីដូចជាហួសសម័យទៅហើយ។ ជាក់ស្តែង ចំណុចមួយនៃចំណុចទាំង៥នោះ លើកឡើងពីការទប់ស្កាត់ហិង្សា ប៉ុន្តែ ពេលនេះ ស្ថានភាពរាលដាលសឹងតែក្លាយទៅជាសង្រ្គាមស៊ីវិលទៅហើយ។


ជាមួយគ្នានេះ សម្ដេចតេជោ បានជម្រាបលោកប្រសិតពិសេសបារាំងថា សម្ដេចធ្លាប់បានជួបជាមួយលោក មីន អ៊ុងឡាំង (Min Aung Hlaing) កាលពីឆ្នាំ២០២២ ហើយបន្ទាប់មកទៀតក៏បានជួបតាមអនឡាញជាបន្តបន្ទាប់ ហើយថ្មីៗនេះបេសកជនពិសេសរបស់មីយ៉ាន់ម៉ាក៏បានមកជួបសម្ដេចផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោបានសម្តែងនូវក្តីរីករាយដែលមីយ៉ាម៉ាទទួលយកនូវអនុសាសន៍របស់សម្ដេច ក្នុងការបញ្ជូនតំណាងមិនមែននយោបាយទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ។

​ទន្ទឹមនឹងនេះ សម្តេចតេជោ បានជម្រាបទៅលោកអគ្គរដ្ឋទូតថា អាស៊ាន បានធ្វើកិច្ចការច្រើនណាស់ ដើម្បីជួយដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា ហើយជាចម្បងនោះ អាស៊ានត្រូវមានការឯកភាពគ្នា​៕

អត្ថបទ៖ CNC
រូបភាព៖ ផេកសម្ដេចតេជោ