ព័ត៌មានអន្តរជាតិ

លោកចូបៃឌិន អញ្ជើញទៅដល់ប្រទេសអាឡឺម៉ង់ ដើម្បីកិច្ចពិភាក្សាបញ្ហាអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា

image


អាឡឺម៉ង់៖ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលាម្សិលមិញ ប្រធានាធិបតីអាម៉េរិក លោកចូបៃឌិន បានអញ្ជើញទៅដល់ទីក្រុងប៊ែរឡាំង សម្រាប់ដំណើរទស្សនកិច្ចរយៈពេលខ្លី ដើម្បីចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែន និងវិបត្តិជម្លោះនៅតំបន់មជ្ឈិមបូព៌ា ជាមួយនឹងប្រទេសអាឡឺម៉ង់ បារាំង និងអង់គ្លេស ស្របពេលរដ្ឋាបាលក្រុងគីវ បានជំរុញឱ្យក្រុមសម្ព័ន្ធមិត្តលោកខាងលិច បង្កើនកិច្ចខិតខំក្នុងការស្វែងរកដំណោះស្រាយជាបន្ទាន់ដើម្បីបញ្ចប់បញ្ហាសង្គ្រាមឱ្យបានឆាប់ៗ ។


ដោយឡែក សម្រាប់ស្ថានការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា រដ្ឋបាលរបស់លោកចូបៃឌិន បានបង្ហាញក្តីរំពឹងថា ការវាយប្រហារផ្ដាច់ជីវិតមេដឹកនាំទើបឡើងបន្តវេនរបស់ក្រុមហាម៉ាស គឺលោកយ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) ដោយយោធាអ៊ីស្រាអែលកាលពីថ្ងៃពុធកន្លងទៅ នឹងអាចជំរុញក្រុមហាម៉ាសកាន់តែបន្ទន់ខ្លួនក្នុងការស្វែងរកដំណោះស្រាយបទឈប់បាញ់ជាមួយអ៊ីស្រាអែលតាមរយៈកិច្ចចរចា ដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា។


គួរជម្រាបថា បើតាមផែនការពីដំបូងរបស់លោកចូបៃឌិន លោកគ្រោងនឹងបើកកិច្ចពិភាក្សាទ្រង់ទ្រាយធំជាមួយក្រុមប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបលើរបៀបវារៈជំនួយយោធាទៅឱ្យអ៊ុយក្រែននាសប្តាហ៍នេះ ប៉ុន្តែដោយសារតែបញ្ហាគ្រោះមហន្តរាយខ្យល់ព្យុះចំនួនពីរផ្ទួនៗគ្នានៅសហរដ្ឋអាម៉េរិកកាលពីជាងសប្តាហ៍កន្លងទៅ បានធើ្វឱ្យលោកផ្លាស់ប្តូរផែនការនិងពន្យាកិច្ចប្រជុំទ្រង់ទ្រាយធំរហូតដល់ខែវិច្ឆិកាខាងមុខ នេះបើតាមការបញ្ជាក់របស់មន្រ្តីទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan ។


សម្រាប់ដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់លោកពេលនេះ លោកចូបៃឌិន គ្រោងនឹងជួបជជែកដំបូងគេជាលក្ខណៈទ្វេភាគី ជាមួយអធិការបតីអាឡឺម៉ង់ លោក Olaf Scholz នាវេលាព្រឹកថ្ងៃសុក្រនេះ មុននឹងបន្តជួបពិភាក្សាជាមួយក្រុមសម្ព័ន្ធមិត្តនៃមហាអំណាចអឺរ៉ុបទាំង ៣ នាពេលរសៀល៕


ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ DW