ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ វិភាគអារម្មណ៍ជ្រូកដោយប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជួយកសិករឱ្យយល់ពីស្ថានភាពសត្វចិញ្ចឹម

image


ដាណឺម៉ាក៖ អ្នកវិទ្យាសាស្ត្រអឺរ៉ុប បានបង្កើតនូវវិធីសាស្ត្រគណនា និងវិភាគដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលមានសមត្ថភាពបកប្រែសំឡេងជ្រូក ក្នុងគោលបំណងដើម្បីជួយកសិករយល់អំពីសត្វឱ្យកាន់តែប្រសើរ ក៏ដូចជា កែលម្អ និងលើកកម្ពស់សុខុមាលភាពរបស់សត្វ ។

យោងតាមជីវវិទូមួយរូប និងជាសហដឹកនាំការសិក្សា ដែលសិក្សាស្រាវជ្រាវពីអាកប្បកិរិយា (សត្វឬមនុស្ស) ឈ្មោះ អេឡូឌី ម៉ានដែលប្រ៊ីហ្វ៊ើ (Elodie Mandel-Briefer) មកពីសកលវិទ្យាល័យកូពេនហាហ្គេន (Copenhagen) បានបញ្ជាក់ថា វិធីសាស្ត្រនេះ មានលទ្ធភាពជូនដំណឹងឬដាស់តឿនដល់កសិករ នៅពេលជ្រូកកំពុងជួបប្រទះនូវអារម្មណ៍អវិជ្ជមាន ដើម្បីសម្រួលដល់កសិករ អាចស្វែងរកវិធីសាស្ត្រធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់សត្វ ។

អំឡុងស្ថិតនៅក្នុងវិធីសាស្ត្រវិភាគ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យផ្សេងៗទៀត ក្នុងប្រទេសដាណឺម៉ាក អាឡឺម៉ង់ ស្វីស បារាំង ន័រវេស និងសាធារណរដ្ឋឆេក បានប្រើសំឡេងជ្រូករាប់ពាន់ក្បាល ដែលបានថតទុកនៅតាមស្ថានភាពផ្សេងៗគ្នា រួមមានទាំងនៅពេលលេង ពេលនៅតែឯង និងពេលដណ្តើមគ្នាស៊ីចំណីជាដើម ដើម្បីយកសំឡេងទាំងនោះ មកធ្វើការវិភាគជាបន្ត។ បន្ទាប់មក តាមរយៈសំឡេងស្រែកផ្សេងៗដែលថតចេញពីសត្វជ្រូកទាំងអស់នោះ អ្នកវិទ្យាសាស្ត្រ បានរកឃើញ ថាតើវាបង្ហាញថា សត្វជ្រូក កំពុងមានអារម្មណ៍បែបណា វិជ្ជមាន ឬអវិជ្ជមាន ។

លោកស្រី ម៉ានដែលប្រ៊ីហ្វ៊ើ (Mandel-Briefer) មានប្រសាសន៍ថា ខណៈដែលកសិករជាច្រើនមានការយល់ដឹងច្រើន ពាក់ព័ន្ធនឹងសុខុមាលភាពរបស់សត្វចិញ្ចឹម ការវិភាគនេះ នឹងជួយវាស់ស្ទង់ស្ថានភាពរាងកាយរបស់សត្វបន្ថែមទៀត ។

វិធីសាស្ត្រគណនា បានបង្ហាញថា សត្វជ្រូកដែលចិញ្ចឹមនៅខាងក្រៅកសិដ្ឋាន នៅតាមទីវាល ឬទីតាំងបរិស្ថានធំទូលាយ ធ្វើឱ្យជ្រូកអាចដើរ ឬឈ្មុសដោយសេរី ដោយធ្វើឱ្យជ្រូកមានភាពតានតឹងតិចតួចជាងជ្រូកដែលចិញ្ចឹមនៅក្នុងកសិដ្ឋានដ៏តូចចង្អៀត ឬមានលក្ខណៈស្មុគស្មាញ។ អ្នកស្រាវជ្រាវ ជឿថា នៅពេលអភិវឌ្ឍចេញជារូបរាងពេញលេង វិធីសាស្ត្រនេះ នឹងផ្តល់លទ្ធភាពកាន់តែប្រសើរសម្រាប់កសិករ ដោយពួកគេអាចស្វែងយល់ និងកែលម្អរបៀបរស់នៅរបស់សត្វជ្រូក ។

អំឡុងការវិភាគ បង្ហាញថា នៅពេលសត្វជ្រូកស្រែកដោយបញ្ចេញសំឡេងខ្លីៗ នោះសត្វអាចមានអារម្មណ៍វិជ្ជមានជាធម្មតា តែនៅពេលវាបញ្ចេញសំឡេងស្រែងវែងៗ នោះវានឹងបង្ហាញពីភាពតានតឹង ដូចជានៅពេលសត្វជ្រូករុញច្រានគ្នាទៅវិញទៅមកជាដើម ខណៈសំឡេងវែងៗ ឬមានប្រេកង់ខ្ពស់ ជាសញ្ញានៃភាពតានតឹង ជាធម្មតា កើតឡើងនៅពេលសត្វជ្រូកកំពុងមានអាការៈឈឺចាប់ ឈ្លោះគ្នា ឬពេលដែលត្រូវបានបំបែកចេញពីគ្នា ។

អ្នកស្រាវជ្រាវ បានទាញយកការអង្កេតទាំងនេះ ដើម្បីបង្កើតជាវិធីសាស្ត្រគណនា វិភាគ និងដោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីកំណត់ថា តើសំឡេងដែលទទួលបាននោះ បញ្ជាក់ពីភាពវិជ្ជមាន ឬអវិជ្ជមានរបស់សត្វ ។

លោកស្រី ម៉ានដែលប្រ៊ីហ្វ៊ើ (Mandel-Briefer) មានប្រសាសន៍ជាបន្តថា បច្ចេកវិទ្យានេះ អាចត្រូវបានអភិវឌ្ឍទៅជាកម្មវិធីដ៏ពេញលេញមួយសម្រាប់កសិករ ដើម្បីជួយឱ្យពួកគេអាចបង្កើនការយល់ដឹងពាក់ព័ន្ធនឹងសុខុមាលភាពរបស់សត្វចិញ្ចឹម។ លោកស្រី បានណែនាំបន្ថែមទៀតថា ដោយមានទិន្នន័យគ្រប់គ្រាន់ វិធីសាស្ត្រនេះ ក៏អាចអនុវត្តបានផងដែរ ដើម្បីយល់ពីអារម្មណ៍របស់ថនិកសត្វផ្សេងៗទៀត ក្រៅពីសត្វជ្រូក ។

គួររម្លឹកថា ការសិក្សាស្រាវជ្រាវថ្មីនេះ បានបង្ហាញពីសារសំខាន់នៃអារម្មណ៍របស់សត្វចំពោះសុខុមាលភាពសត្វ ដោយបច្ចេកវិទ្យា អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អកសិករ ឱ្យយល់ដឹងបន្ថែមពីសុខុមាលភាពរបស់សត្វចិញ្ចឹម ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ IT Chronicles