សង្គម

កម្ពុជា កំពុងពិភាក្សាលើស្តង់ដា «ភូមិទេសចរណ៍គំរូ» ​ជំរុញនិងអភិវឌ្ឍតំបន់ជនបទ ឱ្យប្រែក្លាយជាគោលដៅទេសចរណ៍ «មាសបៃតង» ​

image


សៀមរាប៖ ដើម្បីជំរុញនិងអភិវឌ្ឍតំបន់ជនបទ ឱ្យប្រែក្លាយជាគោលដៅទេសចរណ៍ថ្មីៗ ក្រសួងទេសចរណ៍កម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ បានរួមគ្នាធ្វើការពិភាក្សាលើសេចក្តីព្រាងស្តីពីស្តង់ដា «ភូមិទេសចរណ៍គំរូ» ដែលនេះជាការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ជំរុញការផ្សព្វផ្សាយ និងការទាក់ទាញភ្ញៀវទេសចរដ៏មានប្រសិទ្ធភាព។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់គោលការណ៍ណែនាំស្តីពីសេចក្តីព្រាងស្តង់ដា «ភូមិទេសចរណ៍គំរូ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ លោក ជុក ជំនោរ បានលើកឡើងថា ការរៀបចំឱ្យមានស្តង់ដា ភូមិទេសចរណ៍គំរូ គឺជាកត្តាដ៏សំខាន់ក្នុងការរួមចំណែកធ្វើពិពិធកម្មផលិតផលទេសចរណ៍ ជំរុញការផ្សព្វផ្សាយ និងការទាក់ទាញភ្ញៀវទេសចរដ៏មានប្រសិទ្ធភាព ពិសេសរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍតំបន់ជនបទ ឱ្យប្រែក្លាយជាគោលដៅទេសចរណ៍ដ៏មានភាពទាក់ទាញ ស្របតាមយុទ្ធសាស្ត្រពិពិធកម្មផលិតផលទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងជំរុញការតភ្ជាប់ ទៅកាន់តំបន់ជនបទផងដែរ។

លោកថា ជាមួយគ្នានេះ ការរៀបចំនូវសេចក្តីព្រាងស្តង់ដា «ភូមិទេសចរណ៍គំរូ» នេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមចំនួន ២ គឺទី១ យោងតាមអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) និងទី២ យោងទៅតាមគោលនយោបាយទេសចរណ៍ជាតិក្នុងការអភិវឌ្ឍនូវកសិទេសចរណ៍ នៅតាមតំបន់ជនបទចូលរួមក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាគោលដៅយុទ្ធសាស្រ្តនៅក្នុង «ផែនទីចង្អុលផ្លូវ» របស់ រាជរដ្ឋាភិបាលស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

លោក ជុក ជំនោរ បន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។ ការពិត សុខសន្តិភាពបានធានាបាននូវការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលបានចាត់ទុកជា «មាសបៃតង» របស់កម្ពុជា។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាបាលកម្ពុជា វិស័យទេសចរណ៍មានការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំនៅមុនការរីករាលដាលនៃជំងឺកូវីដ-១៩ និងបាន រួមចំណែកប្រមាណជិត ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។

ជាមួយនឹងសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ រាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានបន្តកសាងសមិទ្ធផលទាំងនេះ និងការខិតខំប្រឹងប្រែងសហការគ្នាពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន តាមរយៈការដាក់ចេញគោលនយោបាយចំាបាច់នានា ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យងើបឡើងវិញគួរកត់សម្គាល់ចាប់ពីឆ្នាំ២០២២មក ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ និងការថមថយសេដ្ឋកិច្ចសកលនៅតែបន្តជះឥទ្ធិពលជាអវិជ្ជមានដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា។ ជាក់ស្តែង កាលពីឆ្នាំ២០២៣កន្លងមក កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណ ៥,៤៥ លាននាក់ និងទេសចរជាតិប្រមាណ ១៨,៥ លាននាក់។ ដោយឡែក សម្រាប់រយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណ ៣,៧ លាននាក់ កើនឡើង ២៣,២% ហើយរំពឹងថានៅឆ្នាំ២០២៤នេះ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណជិត ៦លាននាក់ និងប្រមាណជា ៧លាននាក់ សម្រាប់ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

ភូមិទេសចរណ៍គំរូ បានគំនិតផ្តួចផ្តើមដោយអង្គការទេសចរណ៍សហប្រជាតិ មានគោលបំណងធ្វើឱ្យ វិស័យទេសចរណ៍ក្លាយជាកម្លាំងវិជ្ជមានសម្រាប់ការផ្លាស់ប្តូរការអភិវឌ្ឍនៅតំបន់ជនបទ និងសុខុមាលភាពសហគមន៍។ ជាពិសេស គឺរួមចំណែកដល់ការគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) នៅឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ (UN)។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាល ជាពិសេសក្រសួងទេសចរណ៍ បានមើលឃើញយ៉ាងច្បាស់អំពីអត្ថបទប្រយោជន៍ដ៏ធំធេងរបស់ភូមិទេសចរណ៍គំរូ ក្នុងការបង្កើនចំណូលជាតិ ។ ដោយឡែក នៅក្នុងខេត្តសៀមរាប «ភូមិព្រះដាក់» ក្នុងស្រុកបន្ទាយស្រី ក៏កំពុងប្រែក្លាយជាភូមិទេសចរណ៍គំរូ របស់អង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism)។

អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានឲ្យដឹងថា ភូមិព្រះដាក់ ជាភូមិបុរាណមួយ ក្នុងស្រុកបន្ទាយស្រី ។ ភូមិនេះទទួលបាន ការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តក្នុង ខេត្តសៀមរាប ដោយសារភូមិនេះមានសភាពស្អាត និងមានការរៀបចំបានល្អជាពិសេសនៅតាមដងផ្លូវ ក្រៅតែអំពីភាពស្អាតភូមិព្រះដាក់ក៏បានបន្សល់នូវទំនៀមទម្លាប់ប្រពៃណីជាច្រើនសម្រាប់បង្ហាញដល់ ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅទីនោះផងដែរពិសេសភ្ញៀវទេសចរបរទេសដែល ពួកគាត់មាន ការចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាពមួយចំនួនដូចជាការធ្វើនំបញ្ចុក ការធ្វើស្ករត្នោត សកម្មភាពធ្វើធូបបុរាណ និងសកម្មភាពទេសចរណ៍មួយចំនួនទៀតដែលបានរៀបចំដោយបងប្អូនប្រជាពលរដ្ឋ នៅតំបន់នោះ ។ លោកបន្តថា ជាមួយគ្នានេះក្នុងស្មារតីទទួលខុសត្រូវ និងគោលដៅតែមួយ ការខិតខំពង្រីកគុណភាព សេវាកម្មទេសចរណ៍ ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីក្នុងខេត្ត និងការរៀបចំតំបន់អង្គរឱ្យ ក្លាយជាគោលដៅទស្សនាប្រកបដោយគុណភាព ដែលបច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបានរៀបចំ នូវផ្លូវថ្មើរជើងសម្រាប់ដើរកម្សាន្តក្នុងព្រៃអង្គរ និងបានរៀបចំផ្លូវជិះកង់ សម្រាប់ទេសចរដែលចូល ចិត្តការដើរក្នុងព្រៃ និងទស្សនាធម្មជាតិនៅក្នុងតំបន់អង្គរ។ នៅថ្ងៃខាងមុខរដ្ឋបាលខេត្តគ្រោង នឹងរៀបចំតំបន់ស្ទឹងសៀមរាបនិងតំបន់វត្តរាជបូណ៌ជាតំបន់កម្សាន្តទីបីបន្ទាប់ពីតំបន់អង្គរ និងតំបន់ផាប់ស្ទី្រត ផងដែរ។

សូមជម្រាបថា រយៈពេល ៩ខែ ឆ្នាំ២០២៤ នេះ ខេត្តសៀមរាបទទួលបានទេសចរអន្តរជាតិសរុបចំនួនជាង៧០ម៉ឺននាក់ ដែលមានការកើនឡើង៣០% ធៀបនឹងរយៈ ពេលដូចគ្នាឆ្នាំ២០២៣ អាជីវកម្មទេសចរណ៍ចាប់ផ្ដើមបើកដំណើរការឡើងវិញជាបណ្តើរៗ ហើយនៅក្នុងកំឡុងចុងខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក៏នឹងមានជើងហោះហើរថ្មីៗចូល មកកាន់ខេត្តសៀមរាបផងដែរ ៕

អត្ថបទ៖ ជា ស្រស់