ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ណែនាំគ្រូពេទ្យគោរពក្រមវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ចួន និងត្រូវព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាព និងស្មើភាព
សៀមរាប៖ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានណែនាំក្រុមគ្រូពេទ្យទាំងអស់ ត្រូវគោរពក្រមវិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ចួន និងត្រូវខិតខំព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាព និងស្មើភាព ព្រោះគ្រូពេទ្យជាអ្នកព្យាបាលអ្នកជំងឺ ដោយមិនគិតពីអ្វីផ្សេងពីនេះឡើយ ហើយការប្រកបរបរវិជ្ជាជីវៈសុខាភិបាលនេះ មានបញ្ហាប្រឈមច្រើន ដែលក្រុមគ្រូពេទ្យត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ការណែនាំដូចនេះ ក្នុងពេលបើកទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៧ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានលើកឡើងថា ការគោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈ នឹងជួយឲ្យគ្រូពេទ្យរួចផុតពីការប្រឈមទាំងនោះ និងជួយឲ្យគ្រូពេទ្យទទួលបាននូវគោរពប្រកបដោយកិត្តិយស និងសេចក្តីថ្នៃថ្នូរ។
បើតាមលោកវេជ្ជបណ្ឌិត កន្លងមកតែងមានរឿងរ៉ាវច្រើនរវាងអ្នកជំងឺ និងគ្រូពេទ្យព្យាបាល ប៉ុន្តែបញ្ហាទាំងអស់នោះត្រូវបានកាត់បន្ថយបន្តិចម្តងៗ បន្ទាប់ពីក្រុមគ្រូពេទ្យបានប្រកាន់ខ្ជាប់នូវក្រមវិជ្ជាជីវៈនេះឯង។
សូមជម្រាបថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប ដោយមានការគាំទ្រពីគណៈគ្រូពេទ្យជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប តែងតែរៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តក្នុងមួយឆ្នាំចំនួ២ដង ក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ និងស្វែងរកនូវចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងវិជ្ជាជីវៈវេជ្ជសាស្ត្រ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប បានឲ្យដឹងថា ការរៀបចំទិវាវេជ្ជសាស្ត្រនេះ ជាការធ្វើឲ្យប្រសើរឡើងនូវចំណេះជំនាញរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។ ការចូលរួមទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តក៏ដូចជាចូលរួមសិក្ខាសាលាវិជ្ជាជីវៈសុខាភិបាលផ្សេងៗ ក៏ដើម្បីបំពេញពិន្ទុសម្រាប់បន្តសុពលភាពរបស់លោកគ្រូអ្នកគ្រូពេទ្យផងដែរ។
លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល បានបន្តថា នៅឆ្នាំ២០២៤ ខេត្តសៀមរាប មានគ្រូពេទ្យចំនួន ៦៣៥នាក់ បានចុះបញ្ជីការ ក្នុងនោះគ្រូពេទ្យបរទេសចំនួន ១១១នាក់។ ទោះជាយ៉ាងនេះក្តីក៏នៅមានគ្រូពេទ្យមួយចំនួនតូចបាននឹងកំពុងធ្វើការនៅក្នុងអង្គភាពសុខាភិបាលខ្លះ ដោយមិនមានការចុះបញ្ជី និងគ្មានអាជ្ញាប័ណ្ណ។ ចំពោះបញ្ហានេះ លោកប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប បានជំរុញដល់ប្រធានអង្គភាពទាំងនោះ ជំរុញ ឬក៏តម្រូវឲ្យមានវិញ្ញាបនបត្រ និងអាជ្ញាប័ណ្ណ មុននឹងអនុញ្ញាតឲ្យចូលបម្រើការងារ។
យោងតាមលោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល សព្វថ្ងៃមិនត្រឹមតែសេវាឯកជនទេ ដែលរងពាក្យបណ្ដឹង សូម្បីតែពេទ្យរដ្ឋ ពេទ្យអង្គការមិនយកកម្រៃ ក៏រងពាក្យបណ្ដឹងដែរ។ ដូច្នេះដើម្បីឲ្យការប្រព្រឹត្តរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលកាន់តែប្រសើរ ទាមទាឲ្យគ្រូពេទ្យទាំងអស់គោរពក្រមសីលធម៌ ខិតខំរៀនសូត្របន្តពង្រឹងចំណេះដឹងខ្លួនឯង ចូលរួមទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត ក៏ដូចជាចូលរួមសិក្ខាសាលាវិជ្ជាជីវៈសុខាភិបាលផ្សេងៗដើម្បីបំពេញពិន្ទុ និងបន្តសុពលភាពផងដែរ៕
អត្ថបទ៖ ជា ស្រស់