លទ្ធផលបាក់ឌុបឆ្នាំ២០២៤ មានបេក្ខជនប្រឡងជាប់ ជាង១សែននាក់ ស្មើនឹង៧៩% ខណៈនិទ្ទេស A ជាង២ពាន់នាក់ និងនិទ្ទេស B ជិត១ម៉ឺននាក់
ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ ជាវេលាដែលសិស្សានុសិស្សនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ទន្ទឹងរង់ចាំលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)របស់ខ្លួន។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនប្រឡងជាប់សរុបក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ មានចំនួនជាង១សែននាក់ ស្មើជិត៨០% ខណៈនិទ្ទេស A ជាង២ពាន់នាក់ និងនិទ្ទេស B ជិត១ម៉ឺននាក់។
ការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ សម្រាប់បេក្ខជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល បានចាប់ផ្តើមប្រកាសជាផ្លូវការហើយនៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ។ ជាលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំនេះ មានបេក្ខជនប្រឡងជាប់ ចំនួន ១០៦.៣៥១នាក់ ត្រូវជា៧៩%។
យុវតី ផាត់ ម៉ូនីកា ជាបេក្ខជនទទួលបាននិទ្ទេស B បានឱ្យដឹងថា នាងពិតជារីកណាស់ដែលខ្លួនអាចទទួលបានជោគជ័យក្នុងការប្រឡង។
យុវតីរូបនេះ ធ្លាប់បានប្រាប់ CNC កាលពីថ្ងៃមកពិនិត្យមើលលេខតុ លេខបន្ទប់ ថា និទ្ទេសដែលប្អូនចង់បានគឺនិទ្ទេសA B ឬC។
យុវតីរូបនេះបន្តថា ខ្លួននៅតែគាំទ្រការរឹតបន្តឹងការប្រឡងសញ្ញាបត្របាក់ឌុប និងបានផ្តាំផ្ញើដល់សិស្សប្អូនជំនាន់ក្រោយឱ្យខិតខំរៀនដើម្បីទទួលបានជោគជ័យក្នុងការប្រឡង។
រីឯបេក្ខជនមួយរូបទៀត យុវជន ម៉ៅ សុរ៉ាឌី ដែលទទួលបាននិន្ទេស D ប្រាប់ថា ខ្លួនពេញចិត្តនឹងលទ្ធផលប្រឡងព្រោះជាសមត្ថភាពរបស់ខ្លួន។
ក្រោយទទួលបានជោគជ័យនៅក្នុងការប្រឡង ប្អូនមានគម្រោងបន្តការសិក្សាផ្នែកច្បាប់។ នេះជាបញ្ជាក់របស់យុវជន ម៉ៅ សុរ៉ាឌី។
យុវជនរូបនេះ បានថ្លែងអំណរគុណចំពោះឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូ ដែលបានខំខិតលះបង់កម្លាំងកាយនិងចិត្តដើម្បីខ្លួនអាចទទួលបានលទ្ធផលគាប់ប្រសើរដូចពេលនេះ។
ក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ក្នុងចំណោមបេក្ខជនដែលប្រឡងជាប់សរុប ១០៦.៣៥១នាក់ មានបេក្ខជនជាប់និទ្ទេសAចំនួន ២២១៦នាក់ និទ្ទេសBមាន ៩៧០១នាក់ និទ្ទេសCមាន ២២ .៦៧៥នាក់ និទ្ទេសDមាន ៣៦.៦៨៣នាក់ និងនិទ្ទេសE មានចំនួន៣៥.០៧៦នាក់។
យ៉ាងណាមិញ ចំពោះការប្រកាសលទ្ធផលសម្រាប់បេក្ខជននៅតាមខេត្តទូទាំងប្រទេសនឹងប្រកាសនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
សូមជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ ដែលមានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១៣៧.០៤០នាក់ ក្នុងនោះស្រីមាន ៧៤.៨៨២នាក់ ចំណែកមណ្ឌលប្រឡងមានសរុប២៣០មណ្ឌល ត្រូវជា៥.៥៣៣បន្ទប់។
ដំណើរការការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមពាក្យថា «អ្នកចេះគឺជាប់»។
គួររំឭកដែរថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៣ មានសិស្សប្រឡងជាប់សរុប ៩៨.៤៦០នាក់ ស្មើនឹង ៧២,៨៩ភាគរយ។ លទ្ធផលសិស្សទទួលបាននិទ្ទេស A ចំនួន ១.៦៧៣នាក់, និទ្ទេស B ចំនួន ៦.៩៦៤នាក់, និទ្ទេស C ចំនួន ១៨.៣០៨នាក់, និទ្ទេស D ចំនួន ៣៤.២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧.២៦៩នាក់៕
អត្ថបទ៖ សុភៈនារី
រូបភាព៖ លោក ង៉ាន់ សំណាង