មេដឹកនាំហ្វាំងឡង់ដ៍ យកបញ្ហាសង្គ្រាមនៅអ៊ុយក្រែនមកពិភាក្សាជាមួយប្រធានាធិបតីចិន
ចិន៖ នៅឱកាសដំណើរទស្សនកិច្ចផ្លូរការរយៈពេល ៤ថ្ងៃក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីហ្វាំងឡង់ដ៍ លោកអាឡិចសាន់ឌឺ ស្ត៉ាប (Alexander Stubb) បានយកបញ្ហាវិបត្តិសង្គ្រាមនៅអ៊ុយក្រែនមកជជែកពិភាក្សាជាមួយប្រធានាធិបតិចិន ឯកឧត្តមស៊ីជីនពីង ដើម្បីផ្លាស់ប្តូរទស្សនៈក្នុងកិច្ចស្វែងរកដំណោះស្រាយសម្របសម្រួលបញ្ចប់បញ្ហាជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្រោយពីកិច្ចប្រជុំក្នុងទីក្រុងប៉េកាំង លោកប្រធានាធិបតីអាឡិចសាន់ឌឺ បានជជែកសន្ទនាដោយបើកចំហ និងក្នុងន័យស្ថាបនាជាមួយលោកស៊ីជីនពីង លើបញ្ហាវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងស្ថានការណ៍បោះឆ្នោតនៅសហរដ្ឋអាម៉េរិក រួមទាំងបញ្ហាវិវាទពន្ធគយរវាងចិននិងសហភាពអឺរ៉ុប ស្របពេលចិនកំពុងមានការមិនពេញចិត្តយ៉ាងខ្លាំងជាមួយអឺរ៉ុប ចំពោះវិធានការតម្លើងពន្ធលើការនាំចូលរថយន្តអគ្គិសនីរបស់ប្រទេសចិន ដែលនឹងគ្រោងចូលជាធរមាននៅក្នុងខែវិច្ឆិកាខាងមុខ។
ជុំវិញវិធានការតម្លើងពន្ធគយសរុបប្រមាណជា ៣៥% របស់អឺរ៉ុបទៅលើផលិតផលរថយន្តអគ្គិសនីរបស់ចិន ត្រូវបានលោកប្រធានាធិបតីអាឡិចសាន់ឌឺ ថ្លែងចាត់ទុកថាជាវិធានការគាំពារនិយមជ្រុលហួសហេតុ និងមានប្រសិទ្ធិភាពត្រឹមរយៈពេលខ្លី។ បន្ថែមពីនេះ លោកក៏បានបញ្ជាក់ផងដែរថា ហ្វាំងឡង់ដ៍ បានធើ្វការបោះឆ្នោតអនុបវាទចំពោះវិធានការថ្មីរបស់អឺរ៉ុប ព្រោះតែចង់រក្សាកិច្ចទំនាក់ទំនងល្អជាមួយចិន។
ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែនវិញ មេដឹកនាំហ្វំាងឡង់ដ៍រូបនេះ បានថ្លែងទៅកាន់ប្រធានាធិបតីចិនថា កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែននឹងមិនអាចកើតឡើងបាននោះឡើយ ប្រសិនបើមិនមានការចូលរួមដោយផ្ទាល់ពីអ៊ុយក្រែន ស្របពេលដែលកូរ៉េខាងជើង បានកំពុងធើ្វឱ្យស្ថានការណ៍សង្គ្រាមនេះកាន់តែច្របូកច្របល់ ដោយសារតែការបញ្ជូនទាហានឱ្យទៅចូលរួមប្រយុទ្ធគាំទ្ររុស្ស៊ី។
គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់ដ៍ ដែលមានព្រំប្រទល់សរុបប្រវែងជាង ១,៣០០គីឡូម៉ែត្រជាមួយរុស្ស៊ី បានធើ្វការផ្លាស់ប្តូរជំហរអព្យាក្រឹតរយៈពេលជាច្រើនទសវត្សរ៍របស់ខ្លួន មកចូលរួមជាសមាជិករបស់អង្គការណាតូកាលពីឆ្នាំទៅមិញ ដើម្បីទទួលបានការការពារសន្តិសុខជាតិពីក្រុមសម្ព័ន្ធមិត្ត ក្រោយពីរុស្ស៊ីបានបើកការឈ្លានពានទៅលើអ៊ុយក្រែន កាលពីដើមឆ្នាំ ២០២២កន្លងទៅ៕
ប្រែសម្រួល វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ Dreams Time