សង្គម

សម្ដេចតេជោ ហ៊ុន សែន៖ គុនខ្មែរបំបែកកំណត់ត្រាទទួលបានថវិកា ពីការប្រកួតបាល់ទាត់មនុស្សធម៌ ទទួលបានប្រមាណជាង១ពាន់លានរៀល, យើងនាំគ្នាលើកស្ទួយជួយគុនខ្មែរ!

image


ភ្នំពេញ៖ យោងតាមបណ្ដាញសង្គមតេលេក្រាមផ្លូវការសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា គុនខ្មែរបំបែកកំណត់ត្រា ទទួលបានថវិកាពីការប្រកួតបាល់ទាត់មនុស្សធម៌ ទទួលបានប្រមាណជាង១ពាន់លានរៀល ក្រោមគំនិតផ្ដួតផ្ដើមនិងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទស្ដាតចាស់។

ថវិកាដែលទទួលបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងយកទៅប្រើប្រាស់ដើម្បីជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធជូនក្លិបដែលគ្មានជម្រកហ្វឹកហាត់ និងជួយជាសម្ភារហ្វឹកហាត់ដល់ក្លិបដែលខ្វះខាត ពិសេសស្នើគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការប្រើប្រាស់ថវិកានេះសម្រាប់ទិញបេឡាជាតិសន្តិសុខសង្គមជូនកីឡាករ កីឡាការិនីផងដែរ។ នេះគឺជាការបញ្ជាក់របស់ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ។

គួរបញ្ជាក់ថា គិតត្រឹមពេលម៉ោងនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរទទួលបានថវិកាពីការប្រកួតបាល់ទាត់មនុស្សធម៌ក្រោមប្រធានបទ «យើងនាំគ្នាលើកស្ទួយជួយគុនខ្មែរ» ថវិកាដែលទទួលបានពីសប្បុរសជន ទទួលបានចំនួន ១.០៦៥.០០០.០០០ រៀល និង២ពាន់ដុល្លារ៕

អត្ថបទ៖ CNC