ព័ត៌មានអន្តរជាតិ

ស្ថានភាពជំនួយក្នុងតំបន់ហ្គាហ្សា នៅតែមិនប្រសើរ បន្ទាប់ពីក្រសួងការបរទេសអាម៉េរិក ផ្ញើសារព្រមានអ៊ីស្រាអែលកាលពីដើមខែនេះ

image


សហរដ្ឋអាម៉េរិក៖ ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានលើកឡើងថា ចាប់តាំងពីផ្ញើសារទៅកាន់អ៊ីស្រាអែលរួចមក ខ្លួនមិនបានរកឃើញថាមាន «ភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ណាមួយឡើយ» សម្រាប់ការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា ។

គួររម្លឹកថា សហរដ្ឋអាម៉េរិក បានប្រាប់ទៅកាន់អ៊ីស្រាអែលថា នៅខែក្រោយ អាម៉េរិកត្រូវតែចាត់វិធានការចំពោះអ៊ីស្រាអែល ដើម្បីកែលម្អស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា ឬអ៊ីស្រាអែល ត្រូវប្រឈមមុខនឹងការរឹតបន្តឹងជំនួយយោធារបស់សហរដ្ឋអាម៉េរិក ហើយនេះ គឺជាការព្រមានដ៏ខ្លាំងបំផុតមួយ ចាប់តាំងពីសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។

កាលពីដើមខែនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងឃីន (Antony Blinken) និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ឡយ អូស្ទីន (Lloyd Austin) បានផ្ញើសារទៅកាន់មន្ត្រីអ៊ីស្រាអែល ដោយទាមទារឱ្យមានវិធានការសមស្រប និងជាក់ស្ដែង ដើម្បីដោះស្រាយស្ថានការណ៍ដែលកំពុងតែវិវត្តអាក្រក់ទៅៗ នៅក្នុងដែនដីប៉ាឡេស្ទីន ។

អត្ថន័យនៅក្នុងសារនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអ៊ីស្រាអែល នឹងពិចារណាឡើងវិញ ប្រសិនបើអ៊ីស្រាអែល មិនធ្វើឱ្យតំបន់ហ្គាហ្សា មានភាពប្រសើរឡើងណាមួយនោះទេ ។

នៅក្នុងសារដដែលនេះ អាម៉េរិកបានគូសបញ្ជាក់អំពីជំហានដ៏ជាក់លាក់ដែលអ៊ីស្រាអែលត្រូវតែអនុវត្តក្នុងរយៈពេល ៣០ ថ្ងៃ រួមមានទាំងការអនុញ្ញាតឱ្យរថយន្តដឹកជំនួយយ៉ាងតិចណាស់ ៣៥០ គ្រឿង អាចធ្វើដំណើរចូលទៅកាន់តំបន់ហ្គាហ្សាក្នុងមួយថ្ងៃ ដោយត្រូវផ្អាកការប្រយុទ្ធគ្នា ដើម្បីអនុញ្ញាតបើកផ្លូវឱ្យមានការផ្តល់ជំនួយមនុស្សធម៌ និងត្រូវលុបចោលការបញ្ជាពលរដ្ឋប៉ាឡេស្ទីន ឱ្យជម្លៀសខ្លួន ប្រសិនបើមិនចាំបាច់ ។

ទោះជាបែបណាក្ដី អ៊ីស្រាអែល អះអាងថា ខ្លួនកំពុងអនុវត្តប្រតិបត្តិការស្របតាមច្បាប់អន្តរជាតិ ដោយខ្លួនគ្រាន់តែមានគោលបំណងកម្ចាត់ពួកសកម្មប្រយុទ្ធហាម៉ាស ដែលសម្ងំលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដី និងក្នុងចំណោមពលរដ្ឋស៊ីវិល នៅតំបន់ហ្គាហ្សាតែប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ ​Reuters/ Al Jazeera/ BBC News