ចិន បញ្ជាក់ថា ខ្លួនកំពុងតាមដាននូវការវិវត្តយ៉ាងយកចិត្តទុកដាក់ ក្រោយកូរ៉េខាងជើងបាញ់បង្ហោះមីស៊ីល
ចិន៖ ប្រទេសចិន បាននិយាយថា ខ្លួនកំពុងតែតាមដានការវិវត្តយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីកូរ៉េខាងជើង បានធ្វើតេស្តបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) មានប្រសាសន៍ថា «ការរក្សាសន្តិភាព និងស្ថិរភាព" នៅលើឧបទ្វីបកូរ៉េ គឺជាអាទិភាពដ៏ចម្បងរបស់ប្រទេសចិន ។
ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនាពេលនេះ បានបង្កើតនូវកំណត់ត្រាលើសពីការសាកល្បងពីមុនៗ។ ដោយដកស្រង់សម្តីរបស់មេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un) នៅឯទីតាំងសាកល្បងបាញ់បង្ហោះមីស៊ីល ប្រព័ន្ធផ្សព្វផ្សាយ KCNA បានកត់សម្គាល់សម្តីរបស់មេដឹកនាំរូបនេះ ដែលលើកឡើងថា «សកម្មភាពដ៏គ្រោះថ្នាក់របស់សត្រូវនៃប្រទេសកូរ៉េខាងជើង បានធ្វើឱ្យយើង ត្រូវតែពង្រឹងសមត្ថភាពនុយក្លេអ៊ែរឱ្យខាងតែបាន» ។
ប្រព័ន្ធផ្សព្វផ្សាយ KCNA បានបន្ថែមដែរថា លោក គីម ជុងអ៊ុន បានបញ្ជាក់សារជាថ្មីថា កូរ៉េខាងជើង នឹងមិនផ្លាស់ប្តូរគោលជំហរ ក្នុងការពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Global Times/ AP/ AFP