សេដ្ឋកិច្ច

លោកស្រី ឌិត នីតា ជំរុញឲ្យសមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ផ្តោតលើឥណទានបៃតង

image


សៀមរាប៖ លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុម្ពុជា បានលើកទឹកចិត្តគ្រឹះស្ថានជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថកម្ពុជា ចាត់ទុកហិរញ្ញវត្ថុបៃតងថាជាកត្តាចាំបាច់ ដើម្បីឈានទៅរកនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងបរិស្ថាន។

ការលើកឡើងបែបនេះ របស់លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមប្រធានបទ «និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ៖ បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ» នៅខេត្តសៀមរាប។

ថ្លែងទៅកាន់អ្នកចូលរួមជាង ៣០០នាក់ លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កត់ធ្ងន់លើបេសកកម្មរបស់សមាគមក្នុងការពង្រឹងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកស្រី មានប្រសាសន៍ថា៖ «និរន្តភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុមិនមែនគ្រាន់តែជាគោលដៅប៉ុណ្ណោះទេ តែជាកត្តាចាំបាច់មិនអាចខ្វះបាន។ យើងកំពុងធ្វើការងាររួមគ្នាដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ សមភាពសង្គមកាន់តែប្រសើរ និងប្រព័ន្ធហិរញ្ញវត្ថុដែលបម្រើប្រជាជនគ្រប់ៗរូប»។

លោកស្រី ក៏បានរំលេចផងដែរនូវការប្តេជ្ញារបស់សមាគមក្នុងការលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជននៅទូទាំងសហគមន៍ជនបទ និងសហគមន៍ខ្វះខាត ដែលមានប្រមាណ ៧៤,៤% នៃចំនួនប្រជាជនកម្ពុជា។

ខណៈពេលដែលការលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជននៅតែជាបេសកកម្មចម្បងរបស់ខ្លួន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏កំពុងជំរុញហិរញ្ញវត្ថុបៃតងផងដែរស្របតាមនិន្នាការសកល ដោយផ្តោតលើនិរន្តរភាពបរិស្ថាន។

សមាគម ក៏កំពុងសហការជាមួយអង្គការ Oxfam ក្នុងការលើកកម្ពស់ហិរញ្ញវត្ថុបៃតង និងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ Water.org ក្នុងការផ្តល់ជំនួយបច្ចេកទេសដើម្បីអភិវឌ្ឍផលិតទឹកស្អាត និងអនាម័យក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុ។

ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះ លោកស្រី ឌិត នីតា ក៏បានបង្ហាញការគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពសកល រួមមានការទទួលបានទឹកស្អាត និងសកម្មភាពបរិស្ថានផងដែរ។

គួរបញ្ជាក់ថា គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកទាំង ១៣២ របស់សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានដើរតួនាទីដ៏ចាំបាច់ក្នុងបេសកម្មនេះ ដោយបានផ្តល់ឥណទានសរុបចំនួន ៥,១១ពាន់លានដុល្លារដល់អតិថិជន ១,៥៥លានគណនី និងទទួលប្រាក់បញ្ញើ ២,២១ប៊ីលានដុល្លាពីអតិថិជនជិត ២លានគណនី ក្នុងនោះមាន ៦៧% ជាស្ត្រី។ កិច្ចខិតខំប្រឹងប្រែងដែលកើតចេញពីការប្តេជ្ញាចិត្តនេះ មិនត្រឹមតែផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដល់ប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបានបង្កើតការងារក្នុងស្រុកដោយផ្ទាល់ចំនួន ២១.០០០នាក់ ដែលកំពុងបម្រើការងារតាមការិយាល័យចំនួន ៩០០៕