ព័ត៌មានជាតិ

កម្ពុជា កំពុងពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ សម្រាប់ចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យបានរួចរាល់ចប់សព្វគ្រប់ឱ្យបានឆាប់

image


ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសិក្ខាសាលា និងវេទិកាពិភាក្សា ដើម្បីពិនិត្យពិភាក្សាលើបញ្ហាប្រឈមកន្លងមកក្នុងការគ្រប់គ្រងដីរដ្ឋ ពិសេសបញ្ហារាំងស្ទះដល់ការបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ស្របពេលដែលមតិយោបល់ដែលលើកឡើងក្នុងអង្គសិក្ខាសាលានឹងត្រូវបូកសរុប ដើម្បីដាក់ចេញជាវិធានការដោះស្រាយ និងរៀបចំជាផែនការសកម្មភាពសម្រាប់អនុវត្តជាក់ស្ដែងក្នុងឆ្នាំ២០២៥។

ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលាស្ដីពី បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលន-វត្ថុ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នាថ្ងៃទី ១១ខែវិច្ឆិកានេះ លោកបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានគណៈកម្មការអន្តរក្រសួង បានលើកឡើងថា ផ្អែកលើទិន្នន័យទទួលបានពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត យើងពិនិត្យឃើញអង្គភាពរបស់រដ្ឋ ដែលភាគច្រើនជារដ្ឋបាលថ្នាក់ក្រោមជាតិ ជាម្ចាស់កម្មសិទ្ធិលើទីតាំងដីមួយចំនួន ដែលជាកម្មវត្ថុនៃការពិនិត្យ និងកត់ត្រាក្នុងបញ្ជីសារពើភណ្ឌ។

ករណីនេះ លោកបណ្ឌិត សូមស្នើអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធបញ្ជាក់អំពីវិសាលភាពគ្រប់គ្រងនៃបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ខណៈដែលករណីទីតាំងដែលបានចុះបញ្ជីដីធ្លីជាប្រព័ន្ធរួចហើយ និងមានកំណត់អង្គភាពរបស់រដ្ឋជាម្ចាស់កម្មសិទ្ធិ ក៏ប៉ុន្តែមិនទាន់បានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៅឡើយ។

លោកបណ្ឌិត គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងពង្រឹងជាបន្តបន្ទាប់លើការគ្រប់ គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីធានាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យទាំងឡាយរបស់រដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ក្នុងនោះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានផ្សេងទៀត ដើម្បីពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងបានដាក់ឱ្យអនុវត្តអនុក្រឹត្យស្ដីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ដើម្បីធានាការពារបន្ថែមទៀតនូវកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតលើដីរបស់រដ្ឋ។

ម្យ៉ាងវិញទៀត យន្តការគ្រប់គ្រង និងសម្របសម្រួលនានា ក៏ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង រួមមាន៖ គណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ, គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី-ខេត្ត និងក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក ខណ្ឌ។

ទន្ទឹមនេះ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងរៀបចំជាផែនការយុទ្ធសាស្ត្រ ដើម្បីជាផែនទីចង្អុលផ្លូវសម្រាប់តម្រង់ទិសការកែទម្រង់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលឯកសារនេះបានដាក់ពិគ្រោះយោបល់ជាច្រើនលើក និងរំពឹងថា នឹងត្រូវដាក់ឱ្យអនុវត្តនាពេលខាងមុខនេះ៕


អត្ថបទ៖ ចេង ឆហួត