ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញសក្តានុពលវិនិយោគ និងលើកទឹកចិត្តឲ្យវិនិយោគិនចាប់យកឱកាសវិនិយោគនៅកម្ពុជា

image



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់វិនិយោគិនបរទេស ថា កម្ពុជា មានស្ថេរភាពល្អ មានសុវត្ថិភាពសំរាប់ ការរស់នៅ ការវិនិយោគ ទេសចរណ៍ និងគ្រប់បែបយ៉ាង ។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីពិសារអាហារសាមគ្គីជាមួយសហគ្រិន ត្រកូល “លីន” ពិភពលោក នារសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "នៅក្នុងស្ថានភាពពិភពលោកមិនពិតប្រាកដ កម្ពុជាបានរក្សាបាន នូវកំណើនសេដ្ឋកិច្ច និងមានសក្តានុពល"។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា "កម្ពុជា គឺជាទីតាំងយុទ្ធសាស្ត្រសំរាប់វិនិយោគ ជាពិសេសកម្ពុជាមានកិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗ
ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP )កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ។កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម"។
សម្តេចធិបតីក៏បានថ្លែងប្រាប់ដល់វិនិយោគិនបរទេសថា "កម្ពុជាមានធនធានមនុស្ស យុវជនវ័យក្មេងប្រកបដោយសក្តានុពលខ្ពស់ ចេះនិយាយភាសាបរទេសជាដើម"។

ក្រៅពីនេះសម្តេចធិបតី ក៏បានថ្លែងពីសក្តានុពលហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះថ្មី ទាំងនៅភ្នំពេញ ក៏ដូចជាខេត្តសៀមរាប ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យអ្នកវិនិយោគ សិក្សា និងចាប់ឱកាសវិនិយោគនៅកម្ពុជា៕

អត្ថបទ ៖ ហ៊ន សុភ័ក្រ