ព័ត៌មានអន្តរជាតិ

រុស្ស៊ីបញ្ជូនអ្នកបណ្ដុះបណ្ដាលយោធាទៅកាន់ប្រទេសអេក្វាទ័រហ្គីណេ ដើម្បីការពារប្រធានាធិបតីចាស់វស្សា ជាថ្នូរផ្នែកសេដ្ឋកិច្ចនិងបង្កើនឥទ្ធិពល

image


រុស្ស៊ី៖ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រុស្ស៊ីបានបញ្ជូនអ្នកបណ្ដុះបណ្ដាលយោធារហូតដល់ ២០០ នាក់ទៅកាន់សាធារណរដ្ឋអេក្វាទ័រហ្គីណេ (Equatorial Guinea) ក្រោមគោលបំណងដើម្បីពង្រឹងវត្តមានរបស់ខ្លួន (រុស្ស៊ី) នៅតំបន់អាហ្វ្រិកខាងលិច បើទោះបីជាវត្តមានរបស់កងកម្លាំងរុស្ស៊ី មានការធ្លាក់ចុះនៅក្នុងប្រទេសម៉ាលី នាពេលថ្មីៗនេះក៏ដោយ។

គេរាយការណ៍ថា ក្រុមអ្នកបណ្ដុះបណ្ដាលទាំងអស់នេះ បាននិងកំពុងបណ្តុះបណ្តាលកងអង្គរក្សវរជន នៅក្នុងទីក្រុងម៉ាឡាបូ (Malabo) និងបាតា (Bata) ជាទីក្រុងសំខាន់ៗចំនួនពីរ នៅក្នុងប្រទេសអេក្វាទ័រហ្គីណេ (Equatorial Guinea) ជាប្រទេសដ៏តូចមួយដែលនាំចេញប្រេង ដោយមានប្រជាជនត្រឹម ១.៧ លាននាក់ និងជាកន្លែងដែលក្រុមហ៊ុនថាមពលរបស់សហរដ្ឋអាម៉េរិក ធ្លាប់បានបណ្ដាក់ទុនវិនិយោគសំខាន់ៗរាប់ពាន់លានដុល្លារ ក្នុងទសវត្សរ៍ឆ្នាំ ២០០០ មុននឹងការវិនិយោគទាំងអស់នោះបានធ្លាក់ចុះនៅក្នុងរយៈពេលបន្តបន្ទាប់មក ។

វត្តមានរបស់អ្នកបណ្ដុះបណ្ដាលរុស្ស៊ី គឺជាផ្នែកមួយនៃគំរូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់រុស្ស៊ី ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅតំបន់អាហ្វ្រិកខាងលិច និងកណ្ដាល ខណៈឥទ្ធិពលរបស់ប្រទេសលោកខាងលិចបានថមថយ ដោយទីក្រុងម៉ូស្គូ បង្កើនអន្តរាគមន៍ដោយបញ្ជូនទាហានស៊ីឈ្នួលរាប់ពាន់នាក់ឱ្យទៅគាំទ្ររបបយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអ្នកបះបោរ។

សម្រាប់សកម្មភាពរបស់រុស្ស៊ីខាងលើនេះ គឺជាវិធីសាស្ត្រដ៏ជាក់លាក់មួយក្នុងការផ្តល់សេវាសន្តិសុខជាថ្នូរដើម្បីទទួលបានកម្រៃពីរដ្ឋាភិបាល និងឱកាសផ្នែកសេដ្ឋកិច្ចក្នុងការរុករករ៉ែ ឬថាមពលជាដើម ខណៈការប្រឆាំងនឹងប្រទេសលោកខាងលិច គឺជាផ្នែកមួយនៃការប្រឈមមុខដាក់គ្នាផ្នែកភូមិសាស្ត្រនយោបាយពិភពលោក ។

គេមើលឃើញថា វត្តមានរបស់ក្រុមអ្នកបណ្ដុះបណ្ដាលរបស់រុស្ស៊ីនៅក្នុងប្រទេសអេក្វាទ័រហ្គីណេនាពេលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីផ្ដល់ការការពារផ្នែកសន្តិសុខពីការគំរាមកំហែងណាមួយចំពោះប្រធានាធិបតី វ័យ ៨២ឆ្នាំ លោក តេអូដូរ៉ូ អូប៊ីអាង ងូអេម៉ា ម៉ាបាសូហ្គូ (Teodoro Obiang Nguema Mbasogo) ដែលបានគ្រប់គ្រងប្រទេសតាំងពីឆ្នាំ ១៩៧៩ និងកំពុងតែរៀបចំកូនប្រុស តេអូដូរ៉ូ ងូអេម៉ា អូប៊ីអាង ម៉ាងគូ (Teodoro Nguema Obiang Mangue) ឬស្គាល់ថា តេអូដូរីន អូប៊ីអាង (Teodorin Obiang) ឱ្យស្នងតំណែងដ៏ខ្ពស់នេះ ។

យោងតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានរាយការណ៍ថា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ កាលពីខែកញ្ញា លោកប្រធានាធិបតីអូប៊ីអាង (Obiang) បានសម្តែងការដឹងគុណចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពុទីន (Vladimir Putin) ដែលបានបញ្ជូនក្រុមអ្នកបណ្ដុះបណ្ដាលដើម្បីពង្រឹងការការពារប្រទេសរបស់ខ្លួន។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចំណាយពេលធ្វើការសម្ភាសប្រភពចំនួនបីសំខាន់ៗ រួមមាន ប្រភពពីគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលក្នុងអតីតអាណានិគមអេស្ប៉ាញ រួមទាំងប្រភពមិនបង្ហាញអត្តសញ្ញាណផងដែរនោះ ដោយទទួលបានចំនួនប៉ាន់ស្មានថា អ្នកបណ្ដុះបណ្ដាលរបស់រុស្ស៊ី បានបង្ហាញវត្តមាននៅក្នុងប្រទេសនេះ ប្រហែល ១០០ ទៅ ២០០ នាក់នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ប្រភពខ្លះទៀត អះអាងថា អ្នកទាំងនោះ អាចរាប់បញ្ចូលទាំងទាហានមកពីប្រទេសបេរុស្ស និងទាហានឆត្រយោងរបស់រុស្ស៊ីជាដើម ។

ជុំវិញបញ្ហានេះ រដ្ឋាភិបាលរុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងពាក្យចោទថាមានការដាក់ពង្រាយក្រុមអ្នកបណ្ដុះបណ្ដាលទាហាននោះទេ ហើយក្រសួងការបរទេសរបស់សាធារណរដ្ឋអេក្វាទ័រហ្គីណេ (Equatorial Guinea) ក៏នៅស្ងៀមដូចដែរ ។

គេមិនច្បាស់នោះទេថា ក្រុមអ្នកបណ្ដុះបណ្ដាលទាំងអស់នោះនឹងទទួលបានប្រាក់ឈ្នួលប៉ុន្មានឱ្យប្រាកដ ប៉ុន្តែគេធ្លាប់បានឃើញសេចក្ដីប្រកាសនៅលើបណ្ដាញសារអេឡិចត្រូនិក Telegram ស្ដីពីការជ្រើសរើសអ្នកចូលរួមកិច្ចសន្យារយៈពេល ៦ខែ ដោយផ្តល់ប្រាក់ឈ្នួលចាប់ពី ៣,០០០ ទៅ ៥,០០០ ដុល្លារអាម៉េរិកជាសាច់ប្រាក់ ឬតាមរយៈរូបិយប័ណ្ណគ្រីបតូ (មុនពេលសេចក្ដីប្រកាសបានលុបចេញវិញ) ។

ម្យាងទៀត គោលបំណងដែលរុស្ស៊ីបញ្ជូនអ្នកបណ្ដុះបណ្ដាលយោធាទៅកាន់ទីនោះ គឺដើម្បីការពារអនុប្រធានាធិបតី តេអូដូរីន អូប៊ីអាង (Teodorin Obiang) និងជាអ្នកស្នងតំណែង ដោយសារតែលោកអនុប្រធានាធិបតីរូបនេះ មានជាប់ពាក់ព័ន្ធនៅក្នុងការស៊ើបអង្កេតលើអំពើពុករលួយ និងបញ្ហាប្រឈមផ្លូវច្បាប់ជាច្រើនទៀត ជាពិសេសនៅសហរដ្ឋអាម៉េរិក បារាំង និងអង់គ្លេស ជាទីកន្លែងដែលលោក ប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងការក្លែងបន្លំ និងការលាងលុយកខ្វក់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ Others