អគ្គស្នងការនគរបាលជាតិ តាមដានស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ និងលំហូរប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក តាមរយៈកាមេរ៉ាសុវត្ថិភាព
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះទៅនាយកដ្ឋានអង្គរក្ស ដើម្បីពិនិត្យកាមេរ៉ាសុវត្ថិភាព តាមដានស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងលំហូរប្រជាពលរដ្ឋ ដែលទៅកម្សាន្ដក្នុងព្រឹកថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្ដោយមាត់ទន្លេ និងជុំវិញព្រះមរបរាជវាំង។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១ បានចាប់ផ្ដើមហើយ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការចាប់ផ្ដើមនេះ ជាមួយការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដោយមាត់ទន្លេ និងព្រះបរមរាជវាំង។
ដោយឡែក ការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពវិញ ក៏បានរួចរាល់ទាំងព្រមផងដែរ ដោយកម្លាំងសមត្ថកិច្ចចម្រុះទាំងអស់ បានចូលដល់ទីតាំងដែលត្រូវការពារសុវត្ថិភាពជូនពលរដ្ឋ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល ៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប។ សម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា