រមណីយដ្ឋានដូងទេ ក្នុងខេត្តកំពត កាន់តែមានភាពទាក់ទាញទេសចរច្រើន នៅថ្ងៃឈប់សម្រាកទី២ នៃព្រះរាជពិធីបុណ្យអុំទូក

កំពត៖ ភ្ញៀវទេសចរជាច្រើនបានជាប់ចិត្តនឹងទេសភាព បរិយាកាស ក៏ដូចជាសេវាកម្មផ្សេងៗនៅរមណីយដ្ឋានដូងទេ ដែលនៅជាប់នឹងដងព្រែកទឹកឈូ។ ពួកគាត់ថា ការចេះរៀបចំច្នៃប្រឌិតថ្មីៗ ប្លែកៗទាក់ភ្នែក អាចផ្តល់ភាពសប្បាយសម្រាប់មនុស្សគ្រប់វ័យ ទាំងកុមារ និងមនុស្សចាស់ ធ្វើឱ្យពូកគាត់មិនដែលភ្លេចដូងទេពេលមកកំពត។ ទន្ទឹមនេះ អ្នកលក់តាមផ្លូវចូលក៏សប្បាយចិត្តផងដែរ ព្រោះលក់ដាច់បានច្រើន។
ភ្ញៀវទេសចរមកពីតាមបណ្តារាជធានី-ខេត្ត បានបង្ហាញអារម្មណ៍រំភើបរីករាយ ពេលបានមកសម្រាកលម្ហែ និងទទួលទានអាហារនៅរមណីយដ្ឋានដូងទេថា ទោះពួកគាត់ធ្លាប់មកទីនេះច្រើនដងច្រើនលើកមកហើយ ឬអ្នកខ្លះទើបបានមកស្គាល់ក៏ដោយ ប៉ុន្តែអ្នកគ្រប់គ្រងនៅទីនេះពិតជាពូកកែក្នុងការរៀបចំតុបតែងឱ្យមានភាពទាក់ទាញខ្លាំង ទាំងសោភ័ណភាពស្អាត អនាម័យបរិស្ថានស្អាត ព្រមទាំងមានសេវាកម្មផ្សេងៗល្អ ពិសេសរក្សាបាននូវធម្មជាតិ មានឆ្នេរ និងដើមឈើត្រជាក់ស្រួលជាដើម។ ក្រុមភ្ញៀវទេសចរបានបន្តថា រមណីយដ្ឋានដូងទេនេះ គឺមានភាពស្រស់ស្អាត ហើយអាចឱ្យមនុស្សគ្រប់វ័យទៅលេងកម្សាន្តបាន ទាំងមនុស្សចាស់ យុវវ័យ និងកុមារ។ មិនតែប៉ុណ្ណោះម្ហូបអាហារក៏ឆ្ងាញ់ និងមានតម្លៃសមរម្យ។
ក្រុមអាជីវករលក់នៅតាមផ្លូវចូលរមណីយដ្ឋានដូងទេ បានបង្ហាញការសប្បាយចិត្តយ៉ាងខ្លាំង ដោយសារអ្នកគ្រប់គ្រងនៅរមណីយដ្ឋានដូងទេ បានរៀបចំតូបថ្មីស្អាត និងងាយស្រួលលក់ដូរ ពិសេសលក់ដាច់ច្រើនក្នុងឱកាសបុណ្យអុំទូកនេះ។ ក្រុមអាជីវករបន្តថា នៅរមណីយដ្ឋានដូងទេ គឺមានម្ហូបអាហារច្រើនមុខ ហើយចំពោះការលក់ដូរគឺមិនមានការតម្លើងថ្លៃខ្ពស់ហួសហេតុនោះទេ មិនថាថ្ងៃធម្មតា ឬថ្ងៃបុណ្យនោះទេ។
ចំណែកបុគ្គលិកដែលបម្រើការងារនៅរមណីយដ្ឋានដូងទេ បានឱ្យដឹងដែរថា មុនពេលបុណ្យអុំទូកចូលមកដល់រមណីយដ្ឋានដូងទេបានត្រៀមខ្លួនរួចជាស្រេចក្នុងការរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរដែលទៅលេងកម្សាន្តក្នុងខេត្តកំពត ពិសេសមកលេងកម្សាន្តនៅដូងទេ ដោយកន្លែងខ្លួនបានពង្រីកសេវាកម្មកាន់តែច្រើន និងល្អប្រសើរជាងមុន ដើម្បីឆ្លើយតបតាមតម្រូវការភ្ញៀវ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរខេត្តកំពត បានឱ្យដឹងថា ចំពោះថ្ងៃឈប់សម្រាកទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរនៅតែបន្តសម្រុកមកលេងខេត្តកំពតកាន់តែច្រើន ប៉ុន្តែយ៉ាងណាក៏ដោយ គេរង់ចាំមើលតួលេខរបស់ក្រុមការងារជំនាញបូកសរុបចំនួនភ្ញៀវទេសចរនៅម៉ោង ៧ល្ងាច៕
អត្ថបទ៖ វង្ស សុធារម្យ














