ព័ត៌មានអន្តរជាតិ

អ្នកតវ៉ាជនជាតិដើមភាគតិច កាត់រូបមុខមេដឹកនាំ G២០ ត្រាំក្នុងទឹក ដើម្បីតវ៉ាឱ្យមានចំណាត់ការលើបញ្ហាអាកាសធាតុ

image


ប្រេស៊ីល៖ ក្រុមអង្គការតំណាងឱ្យសហគមន៍ជនជាតិដើមភាគតិច បានធ្វើបាតុកម្មដោយកាត់រូបមុខមេដឹកនាំកំពូលៗរបស់បណ្ដាប្រទេសជី២០ (G20) ដាក់ត្រាំនៅក្នុងទឹក នាតំបន់ឆ្នេរបូតាហ្វូហ្គូ (Botafogo Bay) ក្នុងទីក្រុងរីអូដឹជេនីរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីល ដោយតវ៉ាប្រឆាំងនឹងភាពអសកម្មជាសកលលើវិធានការ ដើម្បីបញ្ឈប់បម្រែបម្រួលអាកាសធាតុ ។

ក្រុមអ្នកតវ៉ា បានលើកផ្ទាំងបដា ដោយមានសំណេរអំពាវនាវឱ្យមេដឹកនាំនៃបណ្ដាប្រទេសអ្នកមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក គួរស្ដាប់អ្នកតវ៉ា ដើម្បីស្វែងរកវិធីសាស្ត្រប្រយុទ្ធប្រឆាំងនឹងការកើនឡើងកម្ដៅផែនដី និងកាត់បន្ថយការបំភាយឧស្ម័នកាបូន (CO2) ។

បន្ថែមពីនេះ អ្នកតវ៉ា ក៏បាននិងកំពុងទាមទារឱ្យមានការបោះបង្គោលដើម្បីកំណត់កម្មសិទ្ធិស្របច្បាប់លើដីធ្លីជនជាតិដើមភាគតិចនៅក្នុងប្រទេសប្រេស៊ីល ដែលជាបញ្ហាដ៏សំខាន់មួយសម្រាប់ជនជាតិដើមជាច្រើនគ្រួសារ ។

គួររម្លឹកថា កិច្ចប្រជុំកំពូលជី២០ (G20) គ្រោងនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងរីអូដឹជេនីរ៉ូ (Rio de Janeiro) នៅថ្ងៃចន្ទ និងថ្ងៃអង្គារនេះ ស្របពេលជាមួយនឹងកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP២៩ ធ្វើឡើងសម្រាប់សប្ដាហ៍ទី២។ កិច្ចពិភាក្សាទាំងនេះ ផ្តោតលើការចរចាការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុពីប្រទេសអ្នកមាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ មន្ត្រីអង្គការសហប្រជាជាតិ ក៏សង្ឃឹមដែរថា ភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់បណ្ដារដ្ឋ G២០ អាចបង្កើនសន្ទុះនយោបាយ សម្រាប់កិច្ចព្រមព្រៀងស្តីពីហិរញ្ញវត្ថុអាកាសធាតុនៅក្នុងកិច្ចប្រជុំ COP២៩ ។

ទោះជាយ៉ាងណាក៏ដោយ វឌ្ឍនភាពលើហិរញ្ញវត្ថុអាកាសធាតុនៅតែជាប់គាំង ដោយអ្នកការទូតរាយការណ៍ពីការមិនយល់ស្របគ្នា។ ប្រទេសអភិវឌ្ឍន៍ខ្លះ ព្យាយាមជំរុញឱ្យប្រទេសកំពុងអភិវឌ្ឍន៍ដែលមានចំណាត់ថ្នាក់ទ្រព្យសម្បត្តិច្រើនជាងប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ត្រូវចូលរួមចំណែកក្នុងការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពពាក់ព័ន្ធនឹងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ខណៈប្រទេសកំពុងអភិវឌ្ឍន៍ឯណោះវិញ អះអាងថា វាជាទំនួលខុសត្រូវរបស់ប្រទេសអ្នកមាន ក្នុងការទទួលបន្ទុកចាត់ចែងផ្គត់ផ្គង់ថវិកា។ បញ្ហានេះ អាចនឹងកាន់តែមានភាពចម្រូងចម្រាស ជាមួយនឹងវត្តមានវិលត្រឡប់មកគ្រងសេតវិមានសារជាថ្មី ដោយប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅពេលលោក មានផែនការដកសហរដ្ឋអាម៉េរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសម្តងទៀត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters Connect/ Yahoo News