សង្គម

ប្រតិភូ២៦ គណបក្ស និង ២៤ប្រទេសជុំវិញពិភពលោក បានចូលរួមវេទិកាដ៏មានសារសំខាន់សំរាប់មនុស្សជាតិ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត

image


ប្រតិភូ២៦ គណបក្ស និង ២៤ប្រទេសជុំវិញពិភពលោកបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះនៅខេត្តសៀមរាប។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ មានរៀបចំវេទិកាពិសេសស្តីពី«សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី», កិច្ចពិភាក្សា វេទិកាពិសេសស្តីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនាសហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម», កិច្ចពិភាក្សាស្តីពី «ធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»។

តាមរយះសេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នក ប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលមានការចូលរួមពីសមាជិកប្រតិភូ ប្រមាណ ៨៧ រូប មកពី ២៦ គណបក្ស និង ២៤ ប្រទេស ជុំវិញពិភពលោក ក្នុងនោះមានឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើន។

គណៈកម្មាធិការប្រតិបត្តិ CDI នឹងអនុម័តលើសេចក្តីប្រកាសក្រុងសៀមរាប រួមទាំងសេចក្តី សម្រេចចិត្តនានាដែលស្នើដោយគណបក្សជាសមាជិក និងអនុម័តលើការបញ្ចូលសមាជិកជាគណបក្ស នយោបាយចំនួន ៤។ ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ដោយសហការជាមួយ វេទិកាយុវជន CDI ក៏នឹងរៀបចំវេទិកាពិសេសស្តីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយ តបបញ្ហាប្រឈម» និងកិច្ចពិភាក្សាស្តីពី «ធម្មនុញ្ញសន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី»។

សូមបញ្ជាក់ថា បច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី៨៣ ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។

ជាងមួយទស្សវត្សមកហើយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គណបក្សនេះបានប្រកាន់ខ្ជាប់នូវតម្លៃ ប្រជាធិបតេយ្យនិយមកណ្តាល និងបានក្លាយជាសមាជិកពេញសិទ្ធិនៃគ្រួសារ IDC-CDI នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៅក្រុងលីស្បុន (Lisbon) ប្រទេសព័រទុយហ្កាល់ នៅខែមេសា ឆ្នាំ២០១៦៕

អត្ថបទ ៖ ហ៊ន សុភ័ក្រ