មន្ត្រីជាន់ខ្ពស់សុខាភិបាល ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺមិនឆ្លងចំនួន ៤ប្រភេទ ដែលប្រឈមខ្ពស់
កំពត៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ង៉ូវ កាង បានក្រើនរម្លឹក និស្នើឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺមិនឆ្លង ចំនួន៤ ដែលប្រឈមខ្ពស់ ពិសេសជំងឺទឹកនោមផ្អែម ដែលជាជំងឺមិនឆ្លងហើយបង្កឱ្យមានផលប៉ះពាល់ជាច្រើនដល់អ្នកជំងឺ។ ទន្ទឹមនឹងនោះប្រជាពលរដ្ឋត្រូវទៅពិនិត្យស្វែងរកជំងឺទឹកនោមផ្អែមដោយធ្វើតេស្ត នៅតាមគ្រប់មណ្ឌលសុខភាពទាំងអស់នៅទូទាំងខេត្ត ហើយតាមដានអាការៈ ក៏ដូចជាអនុវត្តនូវវិធានការបង្ការជំងឺទឹកនោមផ្អែមនេះ។
លោកវេជ្ជបណ្ឌិត ង៉ូវ កាង បានណែនាំដូចនេះក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ជំនៈឧបសគ្គ ដោះស្រាយបញ្ហាទឹកនោមផ្អែម និងសុខមាលភាព” នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកបានឱ្យដឹងថា បច្ចុប្បន្ន អង្គការសុខភាពពិភពលោកបានរំលេចចេញនូវជំងឺមិនឆ្លងដែលប្រឈមខ្ពស់ចំនួន៤ ក្នុងនោះមាន ទី១.ជំងឺទឹកនោមផ្អែម, ទី២.ជំងឺបេះដូង និងសរសៃឈាម, ទី៣.ជំងឺមហារីក និងទី៤.គឺជំងឺត្បៀតទងសួតរាំរ៉ៃ។ ក្នុងចំណោមជំងឺមិនឆ្លងដែលប្រឈមខ្ពស់ទាំង៤នេះ ជំងឺទឹកនោមផ្អែមជាជំងឺដែលមានបញ្ហាប្រឈមខ្ពស់ជាងគេ ដែលតម្រូវឱ្យប្រជាពលរដ្ឋគ្របរូបត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងតាមដានឱ្យបានល្អិតល្អន់ ជៀសវាងការកើតមានជំងឺនេះ ហើយជំងឺទឹកនោមផ្អែមនេះទៀតសោតក៏ជាជំងឺមួយដែលអាចបង្កឱ្យមានជំងឺបេះដូង និងសរសៃឈាមផងដែរ។
លោករដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ដែលជាវ័យប្រឈមនឹងជំងឺទឹកនោមផ្អែម ទៅធ្វើតេស្តជាតិស្ករនៅតាមមណ្ឌលសុខភាពដែលនៅជិត និងតាមដានរាល់រោគសញ្ញារបស់ជំងឺទឹកនោមផ្អែម និងធ្វើតាមការណែនាំរបស់គ្រូពេទ្យដើម្បីទប់ស្កាត់ការកើតមានជំងឺទឹកនោមផ្អែម។
ជាមួយគ្នានេះ លោក ខៀវ រិទ្ធិភ័ណ អភិបាលរងខេត្តកំពត បានលើកឡើងថា ប្រធានបទ នៃទិវាទឹកនោមផ្អែមពិភពលោកថ្ងៃនេះ បានឆ្លុះបញ្ចាំងពីបញ្ហានៃការកើនឡើងនូវអត្រាអ្នកជំងឺទឹកនោមផ្អែម នៅប្រទេសកម្ពុជា ដែលបណ្ដាលមកពីរបៀបនៃការរស់នៅរបស់ប្រជាជននាពេលបច្ចុប្បន្ន ដូចជាការចូលចិត្តបរិភោគផ្អែម អាហារសម្បូរជាតិខ្លាញ់ និងកង្វះសកម្មភាពរាងកាយ ដូចជាការហាត់ប្រាណជាដើម។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ទៅនឹងបញ្ហាប្រឈមសុខភាពសាធារណៈ ជាពិសេស ការកើនឡើងនៃជំងឺមិនឆ្លងដែលកម្ពុជាកំពុងតែជួបប្រទះ និងមានវិធានការណ៍ អន្តរាគមន៍ ក្នុងការបង្ការកាត់បន្ថយ និងទប់ស្កាត់ ក្នុងគោលដៅជួយលើកកម្ពស់សុខភាពពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាជនទូទៅ ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ គ្រួសារ និងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានឱ្យដឹងដែរថា សម្រាប់ខេត្តកំពតការផ្តល់សេវាសុខាភិបាលក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៤ ការពិគ្រោះជំងឺករណីថ្មីបានចំនួន ២២៩,៧៨៤ករណី, អ្នកជំងឺចូលសម្រាកពេទ្យចំនួន ១៦,៧៩៤នាក់, ការសម្រាលកូននៅមូលដ្ឋានសុខាភិបាលសាធារណៈបាន ៧,៩៦៧នាក់, ចំនួនអ្នកជំងឺលើសសម្ពាធឈាមដែលបានមកពិគ្រោះ និងព្យាបាលមានចំនួន ៩,៥៥៩នាក់ (ស្រី៥,៩៣៨ នាក់), ចំនួនអ្នកជំងឺទឹកនោមផ្អែមដែលបានមកពិគ្រោះ និងព្យាបាលមានចំនួន ៤,២៧៥ នាក់ (ស្រី ២,៩៣៧នាក់)។
ទន្ទឹមនឹងនោះ ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង២០២២-២០៣០ កម្មវិធីពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ខេត្តកំពតបានធ្វើការបណ្តុះបណ្តាលដល់មន្ត្រីមណ្ឌលសុខភាពទាំង ៦៦មណ្ឌលសុខភាព (១មណ្ឌលសុខភាព២នាក់) ស្តីពីសំណុំសកម្មភាពជាសារវន្តនៃជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម) រួចរាល់ត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ និងបន្តធ្វើការបណ្តុះបណ្តាលដល់ក្រុមទ្រទ្រង់សុខភាពភូមិទាំង ៤៩១ភូមិ (ក្នុង១ភូមិ២នាក់) បានរួចរាល់ត្រឹមត្រីមាសទី២ ឆ្នាំ២០២៤។
ជាមួយគ្នានេះដែរមន្ទីរសុខាភិបាលខេត្ត ក៏បានផ្ដល់ជូនសម្ភារបរិក្ខារពេទ្យសម្រាប់ពិនិត្យស្រាវជ្រាវជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមដល់មណ្ឌលសុខភាពទាំងអស់ក្នុងខេត្តផងដែរ។ បច្ចុប្បន្នសេវាពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមគឺមាននៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទាំងអស់នៅទូទាំងខេត្តកំពត៕
អត្ថបទ៖ វង្ស សុធារម្យ