សង្គម

សមត្ថកិច្ចបង្ហាញមុខក្រុមបងធំ DP Zin ដើមពោធិ៍ ១០នាក់ មុនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីកាប់យុវជនម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់

image

ភ្នំពេញ៖ ក្រុមបងធំចំនួន ១០នាក់ រហ័ស្សនាម DP Zin ដើមពោធិ៍ ត្រូវបានបញ្ចូនទៅតុលាការ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤​ បន្ទាប់ពីកម្លាំងនគរបាលកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤​ នៅចំណុចកន្លែងបុកប៊ីយ៉ា ស្ថិតក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមការឱ្យដឹងពីមន្ត្រីនគរបាល ថាក្រោយពីឃាត់យកមកសាកសួរ ក្រុមបងធំ DP Zin ដើមពោធិ៍ នេះបានសារភាពថា ក្រុមពួកគេ ធ្លាប់ធ្វើសកម្មភាពចំនួន ៣លើក ទី១ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទី នៅចំណុចផ្លូវប៉េតុង​ ភូមិព្រៃព្រីងខាងត្បូង​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ធ្វើសកម្មភាពកាប់ម៉ូតូ និង​កាប់ជនគ្រោះបណ្ដាលរងរបួស។

លើកទី២ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចការ៉ាសសាំងតូតាល់ផ្លូវ២០០៤ ក្នុង​សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ធ្វេីសកម្មភាពកាប់បណ្ដាលជនរងគ្រោះខូចខាតម៉ូតូ និងរងរបួសដៃជាទម្ងន់។

លើកទី៣ នៅចំណុច​ ផ្លូវបេតុង​ ភូមិ​ចំការឪទ្បឹក​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ កាលពី​ថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០២៤ វេលាម៉ោង ២៣:២៧​នាទី។ បណ្តាលឱ្យជនរងគ្រោះ ឈ្មោះ ហ្កិត តូណា មុខរបរលក់ទាខ្វៃ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុប ១៤នាក់ ក្នុងនោះ ៤នាក់ មិនពាក់ព័ន្ធ ត្រូវបានធ្វើកិច្ចសន្យាអប់រំឱ្យត្រឡប់ទៅផ្ទះវិញ និងបានដកហូតម៉ូតូធ្វើសកម្មភាពសរុប ៧គ្រឿង​ និងកាំបិតតាំងតោ ១ដេីម។

គួររំលឹកថា កាលពីវេលាម៉ោង១១:៥០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈយុវជនរងគ្រោះ២នាក់កំពុងជិះម៉ូតូម៉ាកហុងដា Zoomer-X ១គ្រឿង ឌុបគ្នានៅតាមផ្លូវស្ថិតនៅក្នុងភូមិចម្ការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែក្រុមបងធំខាងលើមានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿងដេញកាប់ បណ្តាលឱ្យជនរងគ្រោះភ័យ បានជិះម៉ូតូរត់ជ្រុលទៅបុកបង្គោលភ្លើងស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។​ បន្ទាប់មកក្រុមជនពាលទាំងនោះបាននាំគ្នាគេចខ្លួនបាត់អស់។

បច្ចុប្បន្នកម្លាំងជំនាញនៃ​ការិយាល័យព្រហ្មទណ្ឌកម្រិតស្រារាជធានីភ្នំពេញ​ បានកសាងសំណុំរឿងបញ្ជូន​ទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕



ដោយ៖ ឌីយ៉ាម៉ង់