សម្ដេចតេជោ ហ៊ុន សែន ឯកភាពសំណើប្រធានគណបក្ស USDP មីយ៉ាន់ម៉ាក្នុងការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតទៅសង្កេតដំណើរការបោះឆ្នោតនៅមីយ៉ាន់ម៉ា នាឆ្នាំ ២០២៥
ភ្នំពេញ៖ លោក Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ USDP ប្រទេសមីយ៉ាន់ម៉ាបានសំណូមពរទៅកាន់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាចំនួន ២ចំណុច ក្នុងនោះទី១ស្នើឱ្យមានការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ និងគណបក្សប្រជាជនកម្ពុជា និងទី២ស្នើសុំសម្តេច បញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមសង្កេតដំណើរការបោះឆ្នោតនៅមីយ៉ាន់ម៉ា នាខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។
សំណើរបស់លោក Khin Yi ធ្វើឡើងក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
នៅក្នុងជំនួបនេះ លោក Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ USDP ប្រទេសមីយ៉ាន់ម៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់កិត្តិយស និងពេលវេលាដ៏មានតម្លៃទទួលជួបលោកនាពេលនេះ។
ក្នុងឱកាសដ៏កម្រនេះដែរ ប្រធានគណបក្ស USPD បានលើឡើងនូវសំណូមពរសំខាន់ៗចំនួន២ជូនសម្តេចតេជោ ដោយទីលោកសំណូមពរឱ្យមានការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ និងគណបក្សប្រជាជនកម្ពុជាសំដៅពង្រឹងនិងពង្រីកទំនាក់ទំនងរវាងគណបក្សយើងទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ចំណែកសំណូមពរទី២ លោកគោរពស្នើសុំសម្តេចតេជោចាត់បញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមសង្កេតដំណើរការបោះឆ្នោតនៅមីយ៉ាន់ម៉ា ដែលគ្រោងនឹងរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។
ក្រៅពីសំណូមពរទាំង២នេះ លោក Khin Yi ប្រធានគណបក្ស USDP មីយ៉ាន់ម៉ា ក៏បានកោតសរសើរចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលមានលក្ខណៈសេរី ត្រឹមត្រូវនិងយុត្តិធម៌ ប្រកបដោយតម្លាភាពនិងសណ្តាប់ធ្នាប់ល្អជាទីបំផុត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងឯកភាពនូវសំណូមពរទាំងពីរខាងលើ និងបានគូសបញ្ជាក់ទៅលើសំណូមពរទី១ថា គណបក្សទាំងពីរមានទំនាក់ទំនងក្នុងគ្រួសារ ICAPP រួចទៅហើយ ចំណែកសំណើចុះកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP សម្ដេចតេជោឯកភាពនិងអាចធ្វើឡើងនៅពេលវេលាសមស្របខាងមុខ។
រីឯការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត សម្តេចតេជោបានឯកភាពបញ្ចូនគណៈប្រតិភូគណបក្សប្រជាជនកម្ពុជាទៅចូលរួមសង្កេតដំណើរការបោះឆ្នោតនៅមីយ៉ាន់ម៉ា នាឆ្នាំ២០២៥ខាងមុខ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ (USDP) ដែលបានអញ្ជើញមកចូលរួមមហាសន្និបាតលើកទី១២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងកិច្ចប្រជុំ IPTP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយសម្តេចបានចាត់ទុកការចូលរួមរបស់លោក Khin Yi នៅពេលនេះមិនត្រឹមតែជាសក្ខីភាពនៃការពង្រឹងទំនាក់ទំនងក្នុងនាមសមាជិកគ្រួសារ ICAPP ប៉ុណ្ណោះទេ តែនេះក៏ជាការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្សយើងទាំងពីរផងដែរ៕
អត្ថបទ៖ សុភៈនារី