សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា គាំទ្ររាល់គំនិតផ្តួចផ្តើមទាំងឡាយណា ដែលបម្រើដល់ប្រយោជន៍រួម និងការអភិវឌ្ឍ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ទៅបេសកជនពិសេសរដ្ឋាភិបាលជប៉ុនថា កម្ពុជាគាំទ្ររាល់គំនិតផ្តួចផ្តើមទាំងឡាយណា ដែលបម្រើដល់ប្រយោជន៍រួមនិងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយឡើយ និងគោរពមជ្ឈភាពអាស៊ាន។ សម្ដេចតេជោបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក Masaharu KOHNO បេសកជនពិសេសរដ្ឋាភិបាលជប៉ុន ចូលជួបសម្ដែងការគួរសម កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។
ក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន លោក Masaharu KOHNO បានជម្រាបជូនសម្ដេចថា លោកពិតជាកោតសរសើរ ដោយស្មោះអស់ពីដួងចិត្តចំពោះសម្តេចតេជោ ដែលជាអ្នកឈ្នះនៅក្នុងដំណើរស្វែងរកសន្តិភាព ដល់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។
បេសកជនពិសេសរដ្ឋាភិបាលជប៉ុនរូបនេះ ក៏ថ្លែងអំណរគុណសម្តេច និងប្រទេសកម្ពុជា ដែលបានធ្វើឱ្យប្រទេសជប៉ុនមានមុខមានមាត់ ក្នុងឆាកអន្តរជាតិពាក់ព័ន្ធនឹងការបញ្ជូនប្រតិបត្តិការរក្សាសន្តិភាព (PKO) ទៅក្រៅប្រទេស ដោយសម្តេចយល់ព្រមឱ្យមាន PKO របស់ជប៉ុននៅកម្ពុជាក្រោមឆ័ត្រអ៊ុនតាក់។ លោក Masaharu KOHNO បញ្ជាក់ថា ករណី PKO បានធ្វើឱ្យប្រទេសជប៉ុនផ្លាស់ប្តូរ គោលនយោបាយការបរទេសរបស់ខ្លួន នៅក្នុងវិស័យនេះ។
ទន្ទឹមគ្នានេះ លោក Masaharu KOHNO ក៏បានវាយតម្លៃខ្ពស់ ចំពោះកម្ពុជាដែលតែងតែជឿទុកចិត្ត លើប្រទេសជប៉ុន គាំទ្រជប៉ុន និងចូលរួមជាមួយជប៉ុន នូវរាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី។ ហើយកម្ពុជាក៏ជាប្រទេសដំបូងបំផុត ដែលគាំទ្រគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ FOIP បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការនេសាទត្រីបាឡែនផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជប៉ុនគឺជាប្រទេសដែលនាំមុខគេ ក្នុងការជួយកម្ពុជាទាំងកម្លាំងបច្ចេកទេស និងជំនួយជាច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកដល់ពេលបច្ចុប្បន្ន។ សម្តេចបានលើកឡើងទៀតថា ទោះបីជាជប៉ុនមិនបានលុបចោលបំណុល ដែលកម្ពុជាជំពាក់ក្ដី ប៉ុន្តែជប៉ុនបានជួយរកវិធីដោះស្រាយជួយដល់កម្ពុជា ដើម្បីឱ្យកម្ពុជាអាចសងបំណុលជប៉ុនបាន។
ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាគាំទ្ររាល់គំនិតផ្តួចផ្តើមទាំងឡាយណា ដែលបម្រើដល់ប្រយោជន៍រួមនិងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយឡើយ និងគោរពមជ្ឈភាពអាស៊ាន ហើយ FOIP របស់ជប៉ុនក៏មិនបានផ្ទុយពីគំនិតផ្តួចផ្តើម ចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិកនោះដែរ។
ក្នុងគ្រានេះដែរ សម្តេចតេជោ ក៏បានសម្តែងសេចក្តីរីករាយ ដែលបានជួបលោកបេសកជនពិសេសរដ្ឋាភិបាលជប៉ុនសាជាថ្មី និងអរគុណលោក Masaharu KOHNO ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ IPTP លើកទី១១ នៅកម្ពុជា៕
អត្ថបទ៖ សុភៈនារី
រូបភាព៖ ផេកសម្ដេចតេជោ