ព័ត៌មានអន្តរជាតិ

លោកហ្សេលេនស្គី សាទរការដាក់ទណ្ឌកម្មថ្មីរបស់អង់គ្លេសលើរុស្ស៊ី និងជំរុញឱ្យសម្ព័ន្ធមិត្តអឺរ៉ុបចូលរួមអនុវត្តតាម

image


អ៊ុយក្រែន៖ នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកាម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានសម្តែងក្ដីត្រេកអរ ចំពោះការប្រកាសកញ្ចប់ទណ្ឌកម្មថ្មីរបស់ចក្រភពអង់គ្លេសប្រឆាំងនឹងប្រតិបត្តិការនាវាដឹកជញ្ជូនផ្លូវងងឹត(ខុសច្បាប់)របស់រុស្ស៊ី និងបានចាត់ទុកវិធានការថ្មីនេះថាជា "ជំហានដ៏សំខាន់" ដើម្បីកាត់បន្ថយសមត្ថភាពធើ្វសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ស្របពេលដែលស្ថានការណ៍រដូវរងារកាន់តែខិតចូលមកដល់។


ថ្លែងតាមរយៈសារវីដេអូ លោក Zelenskiy បានបន្តជំរុញឱ្យប្រទេសសម្ព័ន្ធមិត្តអឺរ៉ុប ចូលរួមបង្កើនការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ដោយយកលំនាំស្រដៀងគ្នាទៅនឹងប្រទេសអង់គ្លេស ដើម្បីលុបបំបាត់មធ្យោបាយពង្វាងទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី។

ពាក់ព័ន្ធនឹងរឿងនេះ បើតាមរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy បាននិយាយកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេសកំពុងត្រៀមកញ្ចប់ទណ្ឌកម្មយ៉ាងធំមិនធ្លាប់មាន ដើម្បីប្រឆាំងនឹងប្រតិបត្តិការនាវាដឹកជញ្ជូនផ្លូវងងឹតរបស់រុស្ស៊ី ដោយផ្តោតទៅលើនាវាដឹកជញ្ជូនធំៗសរុបចំនួន ៣០គ្រឿង និងបានជំរុញឱ្យក្រុមសម្ព័ន្ធមិត្តនៃប្រទេស G៧ បង្កើនការគាំទ្រជំនួយយោធាសម្រាប់អ៊ុយក្រែន ដើម្បីជួយពង្រឹងជំហរការពារខ្លួនរបស់ទាហានអ៊ុយក្រែននៅក្នុងស្ថានការណ៍សង្គ្រាមរដូវរងារនាពេលខាងមុខ។


ថ្លែងនៅមុនឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G៧ ក្នុងទឹកដីប្រទេសអ៊ីតាលី លោក David បាននិយាយបង្ហាញភាពជឿជាក់ថា សម្ព័ន្ធមិត្តលោកខាងលិចនឹងចូលរួមផ្តល់មធ្យោបាយគ្រឿងសព្វាវុធគ្រប់គ្រាន់សម្រាប់អ៊ុយក្រែន អាចបន្តប្រយុទ្ធប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីរហូតដល់ដំណាច់ឆ្នាំ ២០២៥ ។


លោក David បានបន្ថែមប្រាប់អ្នកសារព័ត៌មានថា វិធានការទណ្ឌកម្មថ្មីចុងក្រោយរបស់ចក្រភពអង់គ្លេសនេះ គឺជាកញ្ចប់ទណ្ឌកម្មធំបំផុតមិនធ្លាប់មាន ដើម្បីប្រឆាំងនឹងប្រតិបត្តិការដឹកជញ្ជូនផ្លូវសមុទ្រខុសច្បាប់របស់រុស្ស៊ី ដែលបានកំពុងជួយឱ្យរដ្ឋាបាលក្រុងម៉ូស្គូគេចផុតពីឥទ្ធិពលទណ្ឌកម្មប្រេងរបស់សហគមន៍អន្តរជាតិ (មិនឱ្យនាំប្រេងលក់លើទីផ្សារអន្តរជាតិ)៕


ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect