អាម៉េរិក រំពឹងនឹងមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់ លើបញ្ហាជម្លោះជាមួយក្រុមហេសបូឡាហ៍
សហរដ្ឋអាម៉េរិក៖ យោងតាមការផ្សព្វផ្សាយរបស់គេហទំព័រសារព័ត៌មាន AXIOS ដែលបានដកស្រង់ប្រភពពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអាម៉េរិកមួយរូប បានអះអាងកាលពីថ្ងៃចន្ទម្សិលមិញថា អ៊ីស្រាអែលនិងលីបង់កំពុងឈានដល់ការឯកភាពគ្នាលើលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីបញ្ចប់បញ្ហាជម្លោះរវាងអ៊ីស្រាអែលនឹងក្រុមហេសបូឡាហ៍។
បើតាមការផ្សព្វផ្សាយខាងលើ កិច្ចព្រមព្រៀងបទឈប់បាញ់នេះ រួមមានលក្ខខណ្ឌសំខាន់ៗដូចជា ការកំណត់រយៈពេលអន្តរកាល ៦០ថ្ងៃសម្រាប់ការដកកម្លាំងយោធាអ៊ីស្រាអែលចេញពីតំបន់ភាគខាងត្បូងប្រទេសលីបង់ ទន្ទឹមគ្នានឹងការផ្លាស់ប្តូរទីតាំងគ្រឿងសព្វាវុធធុនធ្ងន់របស់ក្រុមហេសបូឡាហ៍ ទៅកាន់ត្រើយម្ខាងនៃទន្លេ Litani ដែលស្ថិតនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីតំបន់ព្រំដែន ព្រមទាំងឯកភាពឱ្យមានការដាក់ពង្រាយនូវកងទ័ពជាតិរបស់លីបង់ ដើម្បីពង្រឹងកិច្ចការសន្តិសុខនៅតាមបណ្តាយព្រំដែនជាមួយអ៊ីស្រាអែល។
ជុំវិញដំណើរការចរចានេះ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ីស្រាអែលបានរាយការណ៍មកថា គណៈរដ្ឋមន្ត្រីកិច្ចការសន្តិសុខជាតិរបស់អ៊ីស្រាអែលគ្រោងនឹងកោះប្រជុំគ្នានៅថ្ងៃអង្គារនេះ ដើម្បីធើ្វសេចក្តីសម្រេចផ្លូវការចំពោះសំណើបទឈប់បាញ់ជាមួយក្រុមហេសបូឡាហ៍ បន្ទាប់ពីលក្ខខណ្ឌកិច្ចព្រមព្រៀងទើបត្រូវបានពិភាក្សារួចរាល់កាលពីថ្ងៃចន្ទកន្លងទៅ។
ទោះជាយ៉ាងណាក្តី ប្រភពមន្រ្តីរដ្ឋាភិបាលអ៊ីស្រាអែលនិងលីបង់ នៅមិនទាន់បានបញ្ជាក់អំពីគម្រោងបទឈប់បាញ់នេះនៅឡើយទេ ស្របពេលដែលមន្រ្តីកិច្ចការសន្តិសុខជាតិអាម៉េរិក លោក John Kirby បានអះអាងកាលពីថ្ងៃចន្ទថា ដំណើរការចរចាសន្តិភាពរវាងអ៊ីស្រាអែលនិងលីបង់កំពុងវិវត្តន៍ទៅមុខក្នុងទិសដៅយ៉ាងវិជ្ជមាន៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ Bigstock/ Others