រាជរដ្ឋាភិបាល កំពុងផ្តោតទាក់ទាញការវិនិយោគទៅលើវិស័យអាទិភាពចំនួន ៦ ដែលអាចនាំកម្ពុជា ឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០
ភ្នំពេញៈ ខណៈដែលរាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ មានវិស័យអាទិភាពសំខាន់ៗមួយចំនួនដែលត្រូវបានគេមើលថា អាចនាំកម្ពុជាឈានទៅសម្រេចគោលដៅនៃមហិច្ឆតារបស់ខ្លួននេះ។
លោក សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា កាលពីម្សិលមិញនេះថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ គឺកម្ពុជាត្រូវខិតខំជំរុញទាក់ទាញការវិនិយោគទៅលើវិស័យអាទិភាពសំខាន់ៗទាំងនេះ។
ក្នុងន័យនេះ លោកបានចង្អុលបង្ហាញថា វិស័យទាំងនេះ រួមមាន វិស័យយានយន្ត និងអេឡិចត្រូនិក, វិស័យកសិកម្ម និងកសិឧស្សាហកម្ម, វិស័យថែទាំសុខភាព និងឱសថ, វិស័យថាមពលកកើតឡើងវិញ, វិស័យទេសចរណ៍ និងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក។
លោកបានធ្វើការពន្យល់ថា វិស័យយានយន្ត និងអេឡិចត្រូនិក ត្បិតវិស័យនេះ បច្ចុប្បន្នមានការវិនិយោគបង្កើតរោងចក្រនៅកម្ពុជាជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែវានៅតែមានកាលានុវត្តភាពច្រើនណាស់សម្រាប់ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនលើវិស័យនេះ។ ចំណែកវិស័យ កសិកម្ម និងកសិឧស្សាហកម្ម គឺជាវិស័យមួយដែលមានសក្តានុពលធំធេងណាស់ ដែលយើងត្រូវការអ្នកកែច្នៃផលិតផល ដើម្បីផ្គត់ផ្គង់នៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
លោកអគ្គលេខាធិការរង បន្តថា ចំពោះវិស័យថែទាំសុខភាព និងឱសថវិញ គឺជាវិស័យអាទិភាពសម្រាប់លើកកម្ពស់សុខភាព ដែលយើងចង់ឃើញការវិនិយោគកាន់តែច្រើន ខណៈវិស័យថាមពលកកើតឡើងវិញ គឺជាវិស័យយើងចង់ឲ្យអ្នកវិនិយោគចូលរួមបង្កើនការវិនិយោគដើម្បីរុញកម្ពុជា ឲ្យសម្រេចគោលដៅរបស់ខ្លួន។
ដោយឡែកវិស័យទេសចរណ៍ ជាវិស័យដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា នឹងនៅតែមានសក្តានុពលសម្រាប់ការវិនិយោគបន្ថែមទៀត រីឯវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក គឺជាសរសៃឈាមរបស់កម្ពុជា ហើយការវិនិយោគកាន់តែច្រើនលើវិស័យនេះ នឹងធ្វើឲ្យកម្ពុជាមានភាពប្រកួតប្រជែងកាន់តែខ្ពស់នៅលើឆាកអន្តរជាតិ។
បើតាមលោក ស៊ុន ថាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកវិស័យឯកជន គឺជាដៃគូរដ៏សំខាន់ ជាក្បាលរថភ្លើងក្នុងការអូសទាញសេដ្ឋកិច្ចកម្ពុជាឲ្យទៅមុខ ដើម្បីឈានទៅសម្រេចគោលដៅនៅឆ្នាំ ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់ ប៉ុន្តែដើម្បីឈានដល់គោលដៅនេះ យើងត្រូវខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគឲ្យដាក់ទុនលើវិស័យសំខាន់ៗ ដូចជា វិស័យយានយន្ត អេឡិចត្រូនិក កែច្នៃម្ហូបអាហារ ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាដើម ខណៈវិស័យទាំងនេះ គឺផ្តល់នូវតម្លៃបន្ថែមខ្ពស់។
បច្ចុប្បន្ន វិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានចាត់ទុកជាប្រភពកំណើនថ្មី និងជាវិស័យគន្លឹះក្នុងការចូលរួមអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយវិស័យទាំងពីរនេះមានសក្តានុពលក្នុងការតភ្ជាប់ខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកល និងឈានឡើងជាបណ្តើរៗក្នុងខ្សែច្រវាក់តម្លៃដែលឆ្ពោះទៅរកសកម្មភាពឧស្សាហកម្មផ្អែកលើជំនាញ ខណៈដែលវិស័យទាំងពីរមានការលូតលាស់យ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំចុងក្រោយ៕
អត្ថបទ៖ សៀម ប៊ុនធី