ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជា ត្រៀមខ្លួនទាក់ទាញបណ្តាក្រុមហ៊ុនដែលចង់ចេញពីប្រទេសមួយចំនួន ខណៈពិភពលោកកំពុងប្រឈមការគំរាមដំឡើងពន្ធពីរដ្ឋាភិបាលថ្មីអាមេរិក
ភ្នំពេញ៖ ប្រទេសកម្ពុជា បានត្រៀមខ្លួនក្នុងការទទួលស្វាគមន៍លំហូរវិនិយោគពីបរទេសដែល មានបំណងជ្រើសរើសកម្ពុជា ធ្វើជាទីតាំងសម្រាប់ផលិតកម្មផ្គត់ផ្គង់នាំចេញទៅកាន់ទីផ្សារពិ ភពលោក ជាពិសេសសហរដ្ឋអាមេរិក ខណៈដែលពិភពលោកកំពុងប្រឈមការគំរាមដំឡើងពន្ធគយពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កម្មពិធីប្រកាសដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា កាលពីសម្សិលមិញនេះថា សម្តេចបវរធិបតីនា យករដ្ឋមន្ត្រី នឹងរៀបចំកិច្ចប្រជុំមួយនាពេលឆាប់ៗនេះ ដើម្បីពិភាក្សារកយុទ្ធសាស្ត្រទាក់ទាញបណ្តាក្រុមហ៊ុនដែលមានបំណងចេញពីប្រទេសមួយចំនួន ដើម្បីគេចពីការដំឡើងពន្ធរបស់រដ្ឋាភិបាលថ្មីអាមេរិក ដែលចាប់ផ្តើមដាក់ពន្ធលើប្រទេសមួយចំនួន ដូចជា ម៉ិកស៊ិកកូ កាណាដា និងចិន ជាដើម។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ខ្ញុំសង្ឈឹមថា នៅឆ្នាំ ២០២៥ អាចមានច្រើនបន្ថែមទៀត។ ហើយក្រុមហ៊ុនធំៗ ល្បីៗ អាចយកកម្ពុជាជាទីតាំងដើម្បីផលិតផលិតផលរបស់ពួកគេដើម្បីនាំចេញទៅទូទាំងពិភពលោក ពិសេសនាំទៅផ្សារអាមេរិក ដើម្បីកាត់បន្ថយអត្រាពន្ធ ដែលប្រធានាធិបតី ដូណាល់ ត្រាំ នឹងដាក់ជាច្រើន ហើយបានចាប់ផ្តើមដាក់ម៉ិកស៊ិកកូ កាណាដា ចិន ។ល។»
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា កម្ពុជា ជាប្រទេសដែលមានភាពអំណោយផលសម្រាប់អ្នកវិនិយោគ ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ បន្ថែមពីនេះ កម្ពុជា ក៏ស្ថិតនៅទីតាំងភូមិសាស្ត្រដ៏ល្អ នៅចំកណ្តាលអាស៊ីអាគ្នេយ៍ និងមហាអនុតំបន់ទន្លេមេគង្គ មានកម្លាំងពលកម្មវ័យក្មេងច្រើន ដែលប្រកបដោយថាម ពល និងប្រកួតប្រជែង។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ប្រសិនបើកអ្នកវិនិយោគចង់មកបណ្តាក់ទុននៅកម្ពុជា សូមកុំសម្លឹងមើលតែប្រជាជនកម្ពុជាចំនួន ១៧លាននាក់ ពោលគឺត្រូវសម្លឹងមើលប្រជាជនចំនួន ២,៣ពាន់លាននាក់ តាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងមានការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP ពីសហរដ្ឋអាមេរិកផងដែរ។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា កម្ពុជា ក៏រំពឹងទទួលបានការវិនិយោគពីក្រុមហ៊ុនអាមេរិកថ្មីៗកាន់តែច្រើននាពេលខាងមុខនេះផងដែរ។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប៉ាន់ប្រមាណថា នៅដំណាច់ឆ្នាំ ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចនឹងអនុម័តលើគម្រោងវិនិយោគយ៉ាងហោចណាស់ ៤០០គម្រោង ដែលជាតួលេខនៃគម្រោងវិនិយោគខ្ពស់បំបែកកំណត់ត្រារបស់របស់ខ្លួន ជាមួយតម្លៃទុនវិនិយោគសរុបជាង ៦ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ ចេង ឆហួត