ពលរដ្ឋរងគ្រោះ ក្នុងហេតុការណ៍អគ្គិភ័យនៅរដ្ឋធានីម៉ានីល ធើ្វការអំពាវនាវរកជំនួយបន្ថែម
ហ្វីលីពីន៖ ពលរដ្ឋហ្វីលីពីនជាអ្នករងគ្រោះក្នុងហេតុការណ៍អគ្គិភ័យដ៏អាក្រក់ ដែលបានឆាបឆេះសង្កាត់អនាធិបតេយ្យមួយកន្លែងក្នុងរដ្ឋធានីម៉ានីលកាលពីចុងសប្តាហ៍កន្លងទៅ បានធើ្វការអំពាវនាវឱ្យមានការយកចិត្តទុកដាក់ផ្តល់ជំនួយបន្ថែមពីក្រុមអង្គការមនុស្សធម៌ និងភ្នាក់ងាររដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ស្ថានការណ៍រស់នៅរបស់ពលរដ្ឋ។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងនៅឯសង្កាត់ Isla Putting Bato ដែលជាតំបន់អនាធិបតេយ្យមានមនុស្សរស់នៅយ៉ាងចង្អៀតតាន់តាប់ ស្ថិតនៅឆ្នេរភាគខាងកើតរដ្ឋធានីម៉ានីល ដោយនៅក្នុងឧបទ្ទវហេតុនោះ មានផ្ទះសម្បែងពលរដ្ឋជាង ២,០០០ខ្នងត្រូវបំផ្លិចបំផ្លាញ ញ៉ាំងឱ្យមនុស្សជាច្រើនមិនមានជម្រកស្នាក់នៅ។
ពលរដ្ឋជាអ្នករងគ្រោះមួយរូប បាននិយាយថា លោកបានបាត់បង់អ្វីៗគ្រប់យ៉ាងដោយសារតែអគ្គិភ័យ និងត្រូវចាប់ផ្តើមជីវិតសារឡើងវិញពីបាត់ដៃទទេ។
ពលរដ្ឋជាអ្នករងគ្រោះក្នុងសង្កាត់ខាងលើ បាននាំគ្នាគាស់កកាយកម្ទេចផេះ ដើម្បីស្វែងរករបស់របរមានតម្លៃដែលនៅសេសសល់ពីអគ្គិភ័យ ដើម្បីទ្រទ្រង់ជីវភាពរស់នៅទៅថ្ងៃមុខក្នុងទិដ្ឋភាពមួយគួរឱ្យសង្វេគ។
គួរជម្រាបថា អាជ្ញាធរហ្វីលីពីន បានរៀបចំជម្រកស្នាក់នៅមួយកន្លែងសម្រាប់ពលរដ្ឋរងគ្រោះនៅក្បែរសហគមន៍កើតហេតុ ប៉ុន្តែហាក់មិនទាន់គ្រប់គ្រាន់សម្រាប់ការស្នាក់នៅឱ្យបានសមរម្យរបស់ពលរដ្ឋជាច្រើនរយគ្រួសារ ដែលបាននាំគ្នាដេកនៅលើឥដ្ឋ និងកន្លែងចតរថយន្ត ស្របពេលដែលតម្រូវការចាំបាច់ផ្សេងទៀតដូចជា បន្ទប់ទឹក ក៏ហាក់នៅមានការខ្វះខាតច្រើនផងដែរ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ AFP/ CNN