ពាក់ព័ន្ធសំណុំរឿងក្រុមហ៊ុនអតីត ឧកញ៉ា ឡេង ចាន់ណា តុលាការខេត្តសៀមរាប កោះហៅ លោក ស៊ាន បូរ៉ាត់ និងលោក ស ថាវី ចូលឆ្លើយបំភ្លឺ
ភ្នំពេញ៖ តុលាការខេត្តសៀមរាប បានកោះហៅ លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា ឲ្យចូលឆ្លើយបំភ្លឺនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា ដែលធ្វើឡើងតាមសំណើរបស់មេធាវីរាជរដ្ឋាភិបាល ដែលកំពុងទទួលជួយការពារក្តីជូនប្រជាពលរដ្ឋរងគ្រោះ ខណៈលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងអតីតអភិបាលខេត្តឧត្តរមានជ័យ ក៏ត្រូវបានតុលាការខេត្តសៀមរាប កោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅពេលព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ត្រូវបានកម្លាំងនគរបាលខេត្តសៀម រាបចាប់ខ្លួន នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងងបទល្មើសឆបោក រំលោភលើទំនុកទុកចិត្ត និងចេញមូលប្បទានបត្រ គ្មានសាច់ប្រាក់ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគដោយបានការប្រាក់ខ្ពស់ ដោយអ្នកខ្លះបានការប្រាក់ស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត។
ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចាញ់បោកឧកញ៉ា ឡេង ចាន់ណា ដោយខ្លះខ្ចីលុយពីធនាគារ ដើម្បីមកវិនិយោគជាមួយនឹងក្រុមហ៊ុនខាងលើ ហេីយពួកគាត់ត្រូវសងធនាគារវិញយ៉ាងលំបាកលំបិនបំផុត ក៏ព្រោះតែចាញ់ការលួងលោម ឆាបោករបស់ឧកញ៉ាខាងលើ រួមទាំងបក្ខពួក។
ក្រោយការចាប់ខ្លួនអតីតឧកញ៉ា ឡេង ចាន់ណា ជាច្រេីនខែមកនេះ មេធាវីតំណាងជនរងគ្រោះគឺ លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់តាំងមេធាវីរាជរដ្ឋាភិបាលមួយក្រុម ចុះជួបផ្ទាល់ជាមួយពលរដ្ឋរងគ្រោះ ដែលជាការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ដោយបានប្រមូលភស្តុតាងចំនួន ១៤លើក រួចមកហើយ ដែលជំនួបចុងក្រោយធ្វើឡើងនៅលើទឹកដី ខេត្តសៀមរាប៕