ប្រធានសមាគមស្វាយចន្ទីកម្ពុជា៖ នៅឆ្នាំ ២០២៥ ការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃកម្ពុជា នឹងមានចំនួនកើនលើសជាងឆ្នាំ ២០២៤
ភ្នំពេញ៖ ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានសុទិដ្ឋិនិយមថា នៅឆ្នាំ ២០២៥ខាងមុខនេះ ការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃកម្ពុជា ត្រូវបានរំពឹងថា នឹងមានចំនួនកើនលើសជាងឆ្នាំ ២០២៤ ដោយសារមានក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីកម្រិតស្តង់ដារអន្តរជាតិជាច្រើន នឹងចាប់ផ្តើមបើកដំណើរការជាបន្តបន្ទាប់។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ CNC នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះថា ការកែច្នៃផលិតផលស្វាយចន្ទីក្នុងឆ្នាំ ២០២៤នេះ បានធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២៣ ដោយសារកត្តាចម្បងចំនួន ២ គឺការកើនឡើងនៃតម្លៃគ្រាប់ស្វាយចន្ទីស្រស់នៅទីផ្សារអន្តរជាតិ និងបញ្ហាកង្វះទុនបង្វិលរបស់សហគ្រាសកែច្នៃក្នុងស្រុក។ តែទោះបីជាយ៉ាងណា លោកមានសុទិដ្ឋិនិយមថា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃនៅឆ្នាំ ២០២៥ខាងមុខនឹងមានច្រើនជាងឆ្នាំនេះផងដែរ។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបន្តថា បន្ទាប់ពីគ្រាប់ស្វាយចន្ទីកម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសចិន, ជប៉ុន និងកូរ៉េខាងត្បូង រួចហើយនោះ ខណៈនេះគឺគ្រាប់ស្វាយចន្ទីកម្ពុជា ដែលបានកែច្នៃរួចត្រូវនាំចេញជាផ្លូវការលើកដំបូងទៅកាន់ទីផ្សារសហគមន៍អ៊ឺរ៉បចំនួន ២៥០តោន នៅត្រឹមដំណាច់ឆ្នាំ ២០២៤នេះ។ ផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃកម្ពុជា ត្រូវបាននេះចេញជាផ្លូវការទៅទីផ្សារសហគមន៍អ៊ឺរ៉ុប ជាលើកដំបូងតាមរយៈ MIRARTH Agri Tech Co Ltd គឺជាក្រុមហ៊ុនដែលមានម្ចាស់ជាវិនិយោគិនជប៉ុន ដោយរោងចក្រមានទីតាំងនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកបន្ថែមថា រោងចក្រនេះ មានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន ១ម៉ឺន ៥ពាន់តោន ក្នុងមួយឆ្នាំ ស្របពេលដែលតម្រូវការគ្រាប់ស្វាយចន្ទីនៅទីផ្សារអន្តរជាតិ បានធ្វើឱ្យចំនួនរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា កើនឡើងជាបន្តបន្ទាប់នារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយមានវិនិយោគិនបរទេស ជាពិសេសចិន និងកូរ៉េ បានមកជួយពិភាក្សាជាមួយសមាគមន៍ស្វាយចន្ទីកម្ពុជា ជាបន្តបន្ទាប់ផងដែរ ដើម្បីសិក្សាពីលទ្ធភាពក្នុងការពង្រីកសមត្ថភាពកែច្នៃដើម្បីនាំចេញ។
លោកបានគូសបញ្ជាក់ថា MIRARTH Agri Tech Co Ltd គឺជាក្រុមហ៊ុនដែលបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃជាផ្លូវការទៅកាន់ទីផ្សារអ៊ឺរ៉ុបមុនដំបូងគេ តាមរយៈការទទួលបានសិទ្ធិនាំចេញជាផ្លូវការទៅទីផ្សារអ៊ឺរ៉ុប គឺជារឿងដ៏ល្អ ព្រោះនៅពេលយើងអាចនាំចេញជាផ្លូវការទៅអ៊ឺរ៉ុប មានន័យថា គុណភាព និងភូតគាមអនាម័យផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃរបស់យើងគ្រប់តាមស្តង់ដារដែលគេចង់បាន។
យោងតាមទិន្នន័យសមាគមស្វាយចន្ទីកម្ពុជា គឺក្នុងរយៈពេល ១០ខែ គឺចាប់ពីមករា ដល់ខែតុលា ឆ្នាំ២០២៤ កម្ពុជាប្រមូលផលគ្រាប់ស្វាយចន្ទីស្រស់បានចំនួន ៨៤ម៉ឺនតោន កើន ២៦ ភាគរយ ក្នុងនោះនាំចេញទៅវៀតណាម បានជាង ៧៩ម៉ឺនតោន កើនឡើង ៣១ភាគរយ និងទទួលបានប្រាក់ ១,១១ពាន់លានដុល្លារ កើន ៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
សូមបញ្ជាក់ថា តាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅកម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ ៧០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីប្រហែល ៥៨ម៉ឺនហិកតា កំពុងប្រមូលផលនិងប្រហែល ១២ម៉ឺនហិកតាទៀតជាដីទើបដាំដុះថ្មី។ ចំណែកទិន្នផលប្រមូលបាន គឺស្ថិតក្នុងចន្លោះពី ៨០ម៉ឺន ទៅ ១លានតោនក្នុង ១ឆ្នាំ៕
អត្ថបទ៖ ចេង ឆហួត