ព័ត៌មានជាតិ

រួមគ្នាថែរក្សាមរតកដូនតា! មហា​ព្រឹត្តិការណ៍​វប្បធម៌​​ប្រចាំ​ឆ្នាំ​​ «បុណ្យ​រំឭក​គុណ​អង្គរ​» នឹង​ប្រារព្ធ​ធ្វើ​លើក​ទី​៤​ នៅថ្ងៃទី១៤ ដល់​ ១៦ ខែធ្នូ

image



ភ្នំពេញ៖​ មហាព្រឹត្តិការណ៍វប្បធម៌​ប្រចាំឆ្នាំ «បុណ្យរំឭកគុណអង្គរ» លើកទី៤ ​​នឹងចាប់ផ្ដើមប្រារព្ធធ្វើឡើងនៅរយៈពេល​៣ថ្ងៃនៅពាក់កណ្ដាលខែធ្នូខាងមុខនេះ​។ នេះបើយោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។


ក្រសួងវប្បធម៌ បានឲ្យដឹងថា ​បុណ្យរំឭកគុណអង្គរ ធ្វើឡើងដើម្បីរំឭកគុណដល់បុព្វការីជន គុណូបការៈដ៏ឧត្តុង្គឧត្តមរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់។ ពិធីបុណ្យមួយនេះ គឺជាការចូលរួម​លើកកម្ពស់​កិត្យានុភាពវប្បធម៌​ ប្រពៃណី និង​ទំនៀមទម្លាប់ដ៏ផូរផង់របស់ប្រជាជន​ខ្មែរ​ដែរ។

ក្រសួងក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ​មានរយៈពេល ២ ថ្ងៃប៉ុណ្ណោះដែលចាប់​ផ្តើមធ្វើឡើង​ពីថ្ងៃទី​១៤ ដល់ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ២០២៤ ដែល​ក្នុងនោះ​មានកម្មវិធី​សាសនា ការដង្ហែព្រះពុទ្ធរូបពីប្រាសាទអង្គរវត្តទៅកាន់​ប្រាសាទបាយ័ន និង​មានការសម្តែង​សិល្បៈ ព្រមទាំងទស្សនីយភាពជាច្រើនទៀត។

យោងតាមរយៈសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានយល់​ព្រមជាគោលការណ៍ឲ្យរៀបចំពិធីបុណ្យ​រំឭក​គុណអង្គរ​នៅរមណីយ​ដ្ឋានអង្គរបេតិកភណ្ឌពិភពលោករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំគិតចាប់ពីឆ្នាំ​២០២២​តទៅ។

សូមជម្រាបជូនដែរថា ពិធី​បុណ្យរំឭកគុណអង្គរឆ្នាំ២០២៣ កន្លងទៅ បាន​ប្រារព្ធរយៈពេល១០ថ្ងៃចាប់ផ្តើមពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៦ ខែធ្នូ។ ខណៈពិធីបើកព្រឹត្តិការណ៍ជាផ្លូវការបានប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែធ្នូក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សា​ភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងវត្តមានថ្នាក់ ដឹកនាំសំខាន់ៗ​ជាច្រើនរូបទៀត៕


​អត្ថបទ៖ CNC