ប្រធានាធិបតីកូរ៉េខាងត្បូងអាចប្រឈមមុខទៅនឹងការចោទប្រកាន់ បន្ទាប់ពីប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក
កូរ៉េខាងត្បូង៖ នៅថ្ងៃពុធនេះ សមាជិកសភាកូរ៉េខាងត្បូងបានធ្វើការអំពាវនាវសូមឱ្យលោកប្រធានាធិបតី យ៉ុន ស៊ុក យ៉ូល (Yoon Suk Yeol)ចុះចេញពីតំណែង បើមិនអញ្ចឹងទេត្រូវប្រឈមមុខទៅនឹងការចោទប្រកាន់ផ្លូវការ ។
ការអំពាវនាវនេះ បានកើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតីបានប្រកាសដាក់ប្រទេសឱ្យស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក បានធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លំដាប់ទី៤របស់អាស៊ីមួយនេះ ធ្លាក់ចូលក្នុងវិបត្តិនយោបាយ។
ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នក្រោមច្បាប់អាជ្ញាសឹកប្រកបដោយភាពភ្ញាក់ផ្អើលបានកើតមានឡើងពីរាត្រីថ្ងៃអង្គារ បង្កឱ្យមានភាពប្រទាញប្រទង់គ្នាជាមួយនឹងសភា ដែលបានច្រានចោលចំពោះការប៉ុនប៉ង់របស់លោកប្រធានាធិបតីដែលចង់ហាមឃាត់លើសកម្មភាពនយោបាយ ខណៈដែលកងកម្លំាងប្រដាប់អាវុធបានសម្រុកទៅកាន់អគារសភាជាតិនៅក្នុងទីក្រុងសេអ៊ូលកាលពីរាត្រីកន្លងទៅ មុនពេលត្រូវប្រកាសដកចេញវិញនៅក្នុងរាត្រីថ្ងៃដដែលនោះ។
គណបក្សប្រជាធិបតេយ្យ ជាបក្សជំទាស់ដ៏សំខាន់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្វើការអំពាវនាវសូមឱ្យលោកប្រធានាធិបតី យ៉ុន ដែលស្ថិតនៅក្នុងតំណែងតំាងតែពីឆ្នំា២០២២នោះរហូតមក ត្រូវតែចុះចេញពីតំណែង បើមិនអញ្ចឹងទេ អាចប្រឈមមុខទៅនឹងការចោទប្រកាន់។
សមាជិកសភាបក្សជំទាស់ម្នាក់បានលើកឡើងថា លោកប្រធានាធិបតីគួរតែចុះចេញពីតំណែងដោយសារតែធ្វើឱ្យប្រជាជាតិទំាងមូលមានអរិភាព គាត់មិនគួរស្ថិតនៅបន្តទៀតនោះទេ។
មានគណបក្សជំទាស់របស់កូរ៉េខាងត្បូងចំនួន៦ គណបក្សបានលើកឡើងព្រមគ្នានៅរសៀលថ្ងៃពុធនេះថា ពួកគេនឹងដាក់ពាក្យប្តឹងទៅកាន់សភា ដើម្បីបើកការពិភាក្សាក្នុងដំណើរឆ្ពោះទៅរកការចោទប្រកាន់ជាផ្លូវការ ដែលដំណើរការនេះ អាចនឹងសភាបោះឆ្នោតសម្តែងការមិនទុកចិត្តនៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍ខាងមុខនេះ៕
ប្រែសម្រួលសង្ខេបន័យ៖ ប្រាក់ សម្ជស្ស
ប្រភព៖ Reuters