ច្បាប់អាជ្ញាសឹកជាច្រើន កើតមានឡើងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូង អំឡុងទសវត្សរ៍ឆ្នាំ ៦០ និង៧០
កូរ៉េខាងត្បូង៖ ចាប់តាំងពីប្រទេសកូរ៉េខាងត្បូង ក្លាយជាសាធារណរដ្ឋកូរ៉េ នៅឆ្នាំ ១៩៤៨ មានច្បាប់អាជ្ញាសឹកជាច្រើន ត្រូវបានប្រកាស។ ភាគច្រើននៃច្បាប់អាជ្ញាសឹក កើតមានឡើងដោយសារតែចលនាបះបោរទាមទារលទ្ធិប្រជាធិបតេយ្យ ឬបន្ទាប់ពីការធ្វើរដ្ឋប្រហារដោយយោធា ដូចជា ការធ្វើរដ្ឋប្រហារដោយលោក ផាក ជុងហ៊ី (Park Chung-hee) នៅឆ្នាំ ១៩៦១ និង លោក ជុន ដូវ៉ាន់ (Chun Doo-hwan) នៅឆ្នាំ ១៩៨០។
ប្រធានាធិបតី ផាក ជុងហ៊ី តែងតែប្រើច្បាប់អាជ្ញាសឹក ដើម្បីគាបសង្កត់គូប្រជែង ក្នុងអំឡុងការគ្រប់គ្រងរបស់លោក ហើយនៅឆ្នាំ ១៩៧៩ ច្បាប់អាជ្ញាសឹកក៏ត្រូវបានប្រកាស ក្រោយលោក ត្រូវគេធ្វើឃាត ។
នៅពេលនោះ វាក្លាយទៅជាទម្លាប់ទៅហើយ ពេលយើងប្រទះឃើញមាន កងរថក្រោះពង្រាយកម្លាំង នៅខាងក្រៅអគាររដ្ឋាភិបាល ក្នុងទីក្រុងសេអ៊ូល ឬមានមន្ត្រីយោធានៅតាមដងផ្លូវ និងសូម្បីតែការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនិស្សិតជាដើម ។
រហូតមកដល់ពេលបច្ចុប្បន្ន ច្បាប់អាជ្ញាសឹក ស្រាប់តែកើតមានជាថ្មីនៅលើទឹកដីកូរ៉េខាងត្បូង ដោយកាលពីយប់ថ្ងៃអង្គារ លោកយុន បានប្រកាសច្បាប់អាជ្ញាសឹកយ៉ាងតក់ក្រហល់ ដោយព្យាយាមរឹតបន្តឹងសកម្មភាពនយោបាយ និងត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤នៅតំបន់អាស៊ី និងជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់សហរដ្ឋអាម៉េរិក ។
នៅថ្ងៃពុធ ទី៤ ខែធ្នូ សមាជិកសភាកូរ៉េខាងត្បូង បានស្នើឱ្យមានការចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យុន ស៊ុកយុល (Yoon Suk Yeol) ជុំវិញការសម្រេចចិត្តភ្លាមៗ ក្នុងការប្រកាសច្បាប់អាជ្ញាសឹក ប៉ុន្តែមិនយូរប៉ុន្មាន ក៏បានប្រកាសដកចេញវិញ បន្ទាប់ពីប្រឈមមុខដាក់គ្នាយ៉ាងវឹកវរ រវាងសភា និងកងទ័ព ក្នុងរយៈពេលប្រមាណជា ៦ម៉ោង ដែលធ្វើឱ្យខូចដល់ជំហរប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ។
នាពាក់កណ្ដាលអាធ្រាត្រថ្ងៃពុធ ឈានចូលព្រឹកថ្ងៃព្រហស្បតិ៍ សភារបស់ប្រទេសកូរ៉េខាងត្បូង បានដាក់ចេញនូវសំណើផ្លូវការមួយ ដើម្បីចោទប្រកាន់លោកប្រធានាធិបតី យុន ស៊ុកយុល ដោយកំណត់លក្ខខណ្ឌពិសេស សម្រាប់ការបោះឆ្នោតជាប្រវត្តិសាស្ត្រ ដែលអាចនឹងទាញទម្លាក់ប្រមុខដឹកនាំកំពូលរូបនេះ ក្រោយប្រឈមបញ្ហាបន្ទាប់ពីប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹក ។
សំណើចោទប្រកាន់ប្រឆាំងនឹងលោកយុន (Yoon) ត្រូវបានបង្ហាញឡើងនៅក្នុងសម័យប្រជុំពេញអង្គ ដែលបានចាប់ផ្ដើមភ្លាមៗ នៅពាក់កណ្តាលអធ្រាត្រថ្ងៃពុធ (ឈានចូលថ្ងៃព្រហស្បតិ៍)។ បន្ទាប់ពីការដាក់ចេញនូវសំណើនេះរួចរាល់ ការបោះឆ្នោតលើការចោទប្រកាន់ នឹងកើតមានឡើងក្នុងរយៈពេលចម្លោះពី ២៤ម៉ោង ទៅ ៧២ម៉ោង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Yonhap/ AFP/ AP