សម្តេចប្រធានរដ្ឋសភាកម្ពុជា និងលោកនាយករដ្ឋមន្រ្តីឡាវ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អទ្វេភាគី ដោយធានាការពារបាននូវសុខសន្តិភាព និងការអភិវឌ្ឍ
ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SI PHANDONE) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាក្នុងពេល ដែលលោកបណ្ឌិត បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជា ណាចក្រកម្ពុជារយៈពេល២ថ្ងៃ ថ្ងៃទី៤-៥ ខែធ្នូ។
សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើនេះនឹងធ្វើឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណីជាបងប្អូន អ្នកភូមិផងរបងជាប់គ្នា និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរ អង្វែង កាន់តែរឹងមាំ និងរីកចម្រើនឡើងជាលំដាប់ ដែលនាំមកនូវផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋ និងប្រទេសទំាងសងខាង។
សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើនជា លំដាប់ ទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកជាបន្តបន្ទាប់។
វត្តមានរបស់លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នៅកម្ពុជានាពេលនេះបន្ទាប់ពី លោកស្រី ផានី យ៉ាថូតូ (Pany Yatho tou) អនុប្រធានប្រធានាធិបតី បានអញ្ជើញមកចូលរួមមហាសន្និបាត ICAP P លើកទី១២ និងវត្តមានរបស់ លោក ខាំបៃ ដាំឡាត់ (Khambay Damlath) អនុប្រធានរដ្ឋសភាឡាវ បានអញ្ជើញមកចូលរួមកិច្ចប្រជុំ IPTP លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនិងក្រោយពេលដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវកាលពីឆ្នាំ២០២៣ និងកាលពីពេលថ្មីៗនេះ ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងមហាសន្និ បាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៥។ បន្ថែមពីនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏គ្រោងយាងនិងអញ្ជើញបំពេញព្រះរាជទស្សនកិច្ច និងទស្សនកិច្ចនៅប្រទេសឡាវ នាពេលខាង មុខនេះផងដែរ។
ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសនិងប្រជាជនទំាងពីរមិនត្រឹមបានឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិប៉ុណ្ណោះទេ ថែមទាំងបានរួមវិភាគទានដ៏មានតម្លៃ និងធំធេងដល់ភាពជោគជ័យនៃព្រឹត្តិការណ៍អន្តរជាតិនានា រួមចំណែកដ៏សំខាន់ដល់ការកសាងសុខសន្ដិភាព និងការអភិវឌ្ឍតំបន់ និងពិភពលោក ថែមទៀតផង។
ទន្ទឹមនឹងនេះ សម្តេចរដ្ឋសភាធិបតី ក៏បានអបអរសារទរពីការរីកចម្រើនរបស់ប្រទេសឡាវ ពិសេសការកសាងផ្លូវគមនាគមន៍រថភ្លើងល្បឿនលឿន ដែលប្រកបដោយសក្តានុពលដល់ការរីកចម្រើនខាង សេដ្ឋកិច្ចដែលនោះបានធ្វើឱ្យមិត្តឡាវប្រែក្លាយពីប្រទេសដែលមិនមាន ការតភ្ជាប់ទៅជាប្រទេសមានការតភ្ជាប់ (A Landlocked to a Land-linked country)។
ក្នុងឱកាសនេះដែរ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន បានអបអសារទរចំពោះសុខសន្តិ ភាពនិងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ លោកបានអបអរសាទរពីភាពជោគជ័យបន្តបន្ទាប់ជាច្រើនដែលកម្ពុជាបានរៀបចំកិច្ចប្រជុំថ្នាក់អនុតំបន់ តំបន់ និងកម្រិតអន្តរជាតិ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ជោគជ័យទំាងអស់នោះ បានលើក កម្ពស់កិត្យានុ ភាព និងតួនាទីកាន់តែសំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ។
លោកបណ្ឌិតនាយករដ្ឋមន្រ្តីឡាវ ក៏បានថ្លែងអំណរគុណដែលកម្ពុជាតែងតែជួយ ឧបត្ថម្ភនិងគំាទ្រ ដល់ដល់ប្រទេសឡាវ តំាងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ន ជាពិសេសអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ បានផ្តល់ជំនួយជាវ៉ាក់សំាងការពារកូវីដ-១៩ និងសម្ភារវេជ្ជសាស្រ្តដល់ប្រទេសឡាវ។
សម្តេចប្រធានរដ្ឋសភា និងលោកបណ្ឌិត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិតរួមគ្នា នៅក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងអនុវត្តបានជាផ្លែផ្កា នូវរាល់កិច្ចព្រមព្រៀង និងអនុស្សរណៈដែលប្រទេសទំាងពីរបានចុះហត្ថលេខា ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដើម្បីនាំមកនូវផល ប្រយោជន៍ ជូនប្រទេសទំាងសងខាង៕
ដោយ៖វង សុភ័ក្ត្រ