សង្គម

សម្ដេចតេជោ ហ៊ុន សែន៖ ការសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់កម្ពុជា គឺដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន

image


ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានប្រាប់លោកនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថា ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់កម្ពុជាគឺដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន ប៉ុន្តែការដកខ្លួននេះមិនមែនដកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង៣នោះទេ។


សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។


នៅក្នុងជំនួបខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។


ក្នុងគ្រានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលជាផ្លែផ្កាដែលអាស៊ានសម្រេចបាន ហើយនេះក៏ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាពអាស៊ាន និងការដឹកនាំដ៏ឈ្លាសវៃរបស់លោកបណ្ឌិត សនសៃ ស៊ីផាន់ដន ក្នុងនាមជាប្រធានអាស៊ាន។


ស្របគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនលោកបណ្ឌិត សនសៃ ស៊ីផាន់ដន ថា ដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក៏ប៉ុន្តែការដកខ្លួនរបស់កម្ពុជានេះ មិនមែនដកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង៣នោះទេ។


បន្ថែមពីលើនេះ សម្តេចតេជោបានគូសបញ្ជាក់ថា ប្រទេសទាំង៣ កម្ពុជាឡាវ វៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការតាមយន្តការដែលមានស្រាប់ជាទូទៅ និងកម្រិតប្រទេសតែម្តង ជាពិសេសតាមរយៈជំនួបជាទៀងទាត់នៃថ្នាក់ដឹកនាំគណបក្សកាន់អំណាច នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងកម្មវិធីអភិវឌ្ឍន៍យុវជននៃប្រទេសទាំង៣។


ទាក់ទិននឹងការដកខ្លួនរបស់កម្ពុជាពីគម្រោង CLV-DTA លោកបណ្ឌិត សនសៃ ស៊ីផាន់ដន បានសង្កត់ធ្ងន់ ក្នុងនាមរដ្ឋាភិបាលឡាវនិងខ្លួនលោកផ្ទាល់ លោកសូមសម្តែងនូវការយល់ចិត្តយល់ថ្លើមនៃការលំបាករបស់កម្ពុជា ហើយលោកនឹងសហការយ៉ាងជិតស្និតជាមួយសម្តេចមហាបវរធិបតី។


ជាមួយគ្នានេះ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន ក៏បានជូនពរឱ្យកិច្ចសហប្រតិបត្តិការជាប្រពៃណី ជាមិត្តភាពបងប្អូន ជាប្រទេសភូមិផងរបងតែមួយ និងដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយឋិតថេរគង់វង្សជារៀងរហូតផងដែរ។


សូមបញ្ជាក់ជូនដែរថា យោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន, ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសឡាវ នាខែមករា ឆ្នាំ២០២៥នេះ៕


អត្ថបទ៖ សុភៈនារី