មនុស្សចំនួន១១នាក់ និងម៉ូតូ១៥គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ និងបញ្ជូលទៅស្នងការខេត្តមណ្ឌលគិរី ក្នុងករណីលេងល្បែងស៊ីសងខុសច្បាប់
អត្ថបទ៖ ប៊ុត សុភ័ក្រ
មណ្ឌលគិរី៖ កម្លាំងសមត្ថកិច្ចស្រុកកែវសីមា បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១១នាក់ និងម៉ូតូ១៥គ្រឿង និងបានបញ្ជូនខ្លួនទៅស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងករណីបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់ ដែលប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើងនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ការចុះប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងចំនួន 0៣ ទីតាំង មាន ល្បែង បៀ និងល្បែង ឡូតូ តាមOnline។ ក្នុងនោះទីតាំងទី០១ នៅភូមិឡាប៉ាខេ ឃាត់មនុស្សបាន១១នាក់ ម៉ូតូ១៣គ្រឿង ទីតាំងទី២ នៅភូមិត្រពាំងផ្អេរ ឃាត់មនុស្សបានចំនួន០៥នាក់ ម៉ូតូ០២គ្រឿង និងទីតាំងទី៣ នៅភូមិអូរអាម ឃាត់មនុស្សបានចំនួន០១នាក់។
សមត្ថកិច្ច បានឲ្យដឹងទៀតថា ក្នុងចំណោមមនុស្ស១៧នាក់ខាងលើ សមត្ថកិច្ចបានឲ្យធ្វើកិច្ចសន្យាត្រឡប់ទៅផ្ទះវិញចំនួន ០៦នាក់ និងបញ្ជូនខ្លួនទៅស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរីចំនួន១១នាក់ ព្រមទាំងម៉ូតូចំនួន ១៥គ្រឿងផងដែរ។
ទន្ទឹមនេះដែរ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ករណីល្បែងស៊ីសងនៅតាមមូលដ្ឋាន បើទោះបីជាសមត្ថកិច្ចបានធ្វើការផ្សព្វផ្សាយអប់រំណែនាំតាមរយៈរូបភាព និងមធ្យោបាយជាច្រើនយ៉ាងណាក្តី តែអ្នកញៀនល្បែង នៅតែលួចលាក់ប្រព្រឹត្តនូវសកម្មភាពល្មើសនេះជាបន្តបន្ទាប់។
លោកស្នងការនគរបាលខេត្ត បានបញ្ជាក់ថា លោកតែងតែណែនាំដល់គ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុក និងការិយាល័យជំនាញ ត្រូវតែចាត់វិធានការ អប់រំណែនាំ ឬចាត់វិធានការបង្ក្រាប ដោយមិនអនុគ្រោះចំពោះករណីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទណាមួយឡើយ។
ដូច្នេះ ប្រជាពលរដ្ឋដែលញៀននឹងល្បែងស៊ីសង ត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពល្មើសច្បាប់ ព្រោះករណីដែលមិនរាងចាលទេនោះ គឺត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕