ទីតាំងល្បែងខុស្បាប់ នឹងត្រូវបង្ក្រាប ខណៈផ្ទាំងបដានឹងត្រូវរុះរើចោល នៅតាមដងផ្លូវ ទីសាធារណៈ មិនឱ្យមានការផ្សព្វផ្សាយ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានណែនាំ អាជ្ញាធរពាក់ព័ន្ធឱ្យចាត់វិធានការ រុះរើ និងហាមដាក់ផ្ទាំងបដា ផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ និងស្រាវជ្រាវបង្ក្រាបទីតាំងផ្ទះបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ដោយធ្វើរបាយការណ៍ជូនអគ្គស្នងការ ដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានណែនាំដូចនេះក្នុងពេលដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារ ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃការអនុវត្តសារាចរណែនាំស្ដីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ទាំងកម្រិតថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិនារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ មានវត្តមានលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក ប្រធានអង្គភាពពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមតាមប្រព័ន្ធវីដេអូហ្ស៊ូម ពីថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទូទាំងប្រទេស។
លោកឧបនាយករដ្ឋមន្រ្តី ស សុខា មានប្រសាសន៍ថា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តសារាចរណែនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានអង្គភាពចំណុះជាសេនាធិការ រួមទាំងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ ទាំងលើបណ្ដាញផ្សព្វផ្សាយសង្គមគ្រប់ប្រភព រួមទាំងការផ្សព្វផ្សាយចល័ត និងអចល័តគ្រប់ទីកន្លែង ដើម្បីឈានទៅបង្ក្រាបឱ្យបានម៉ឺងម៉ាត់ក្នុងករណីនៅតែបន្តផ្សព្វផ្សាយបំពានក្រោយផុតឱសានវាទ។
បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសម្រេចទុកពេលឱ្យអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងខុសច្បាប់ទាំងអស់ បញ្ឈប់សកម្មភាពយូរបំផុតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ពោលគឺ ចាប់ពីថ្ងៃទី១១ ខែធ្នូ តទៅ មន្រ្តីមានសមត្ថកិច្ចគ្រប់ថ្នាក់គ្រប់ជំនាញ ទាំងជំនាញស្រាវជ្រាវតាមទីតាំង តាមបណ្ដាញអុីនធើណេត និងជំនាញបង្ក្រាប នឹងសហការគ្នាអនុវត្តសារាចរណែនាំយ៉ាងតឹងរឹងបំផុត តាមទស្សនៈ ល្មើសមួយបង្ក្រាបមួយ ល្មើសពីរ បង្ក្រាបពីរ។
ក្រៅពីនេះពន្លាតចេញពីករណីល្បែងអនឡាញនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានណែនាំឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ពិនិត្យយកចិត្តទុកដាក់ខ្ពស់ចំពោះការកម្ចីតាមអនឡាញខុសច្បាប់ និងសហការជាមួយស្ថាប័នធនាគារ ដើម្បីស្រាវជ្រាវឱ្យឃើញពីប្រភពនៃការបញ្ជូនប្រាក់ទៅមករវាងក្រុមអ្នកល្បែង និងមេល្បែង ពិសេសក្រុមឈ្មួញកណ្ដាល ដើម្បីទប់ស្កាត់ និងបង្ក្រាបឱ្យបានគ្រប់ច្រក និងគ្រប់មធ្យោបាយដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ការបើក ឬភ្ជាប់បណ្ដាញ និងការលេងល្បែងខុសច្បាប់នៅកម្ពុជា៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា