ចិនព្រមានអាម៉េរិកកុំឱ្យឆ្លងហួស 'បន្ទាត់ក្រហម' លើបញ្ហាកោះតៃវ៉ាន់ ក្រោយពីប្រមុខតៃវ៉ាន់ បានជួបសន្ទនាជាមួយប្រធានសភាអាម៉េរិក
ចិន៖ តាមរយៈមន្រ្តីអ្នកនាំពាក្យការបរទេសចិន លោកលីន ជៀន (Lin Jian) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយធើ្វការព្រមានទៅកាន់សហរដ្ឋអាម៉េរិក កុំឱ្យដើរឆ្លងហួស “ព្រំដែនបន្ទាត់ក្រហមទីមួយរបស់ចិន“ លើបញ្ហាឯករាជ្យភាពរបស់កោះតៃវ៉ាន់ នៅបន្ទាប់ពីការិយាល័យមេដឹកនាំកោះតៃវ៉ាន់បានបញ្ជាក់ឱ្យដឹងនៅថ្ងៃពុធកន្លងទៅថា លោក Lai Ching-te បានជួបសន្ទានតាមទូរសព្ទជាមួយប្រធានសភាអាម៉េរិក គឺលោក Mike Johnson ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង មន្រ្តីចិនដដែលរូបនេះ បានបន្តថ្កោលទោស "ចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិកដែលបានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់លោក Lai Ching-te នៅក្នុងទឹកដីរបស់ខ្លួន និងការជួបជជែកគ្នារវាងលោក Lai ជាមួយនឹងលោក Mike Johnson" មុននឹងបន្តលើកឡើងសង្កត់ធ្ងន់ថា៖ ឥរិយាបថបែបនេះ នឹងធើ្វឱ្យប៉ះពាល់ដល់សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។
ជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អាម៉េរិកពេលនេះ លោកលីន ជៀន បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិនបានសម្រេច ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនយោធារបស់អាម៉េរិកចំនួន ១៣ ដែលធ្លាប់បានចូលរួមផ្គត់ផ្គង់គ្រឿងសព្វាវុធមកឱ្យកោះតៃវ៉ាន់ និងបានបង្ហាញការជំទាស់យ៉ាងដាច់អហង្ការចំពោះផែនការរបស់អាម៉េរិក ក្នុងការបន្តលក់កញ្ចប់គ្រឿងសព្វាវុធជាប្រភេទប្រព័ន្ធរ៉ាដា រួមទាំងគ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំងមកឱ្យកោះតៃវ៉ាន់ ដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន ៣៨៥លានដុល្លារអាម៉េរិក។
គួរជម្រាបថា ប្រទេសចិនដែលតែងតែចាត់ទុកកោះតៃវ៉ាន់ថាជាអាណាខេត្តមួយរបស់ខ្លួន ធ្លាប់ចោទប្រកាន់លោក Lai Ching-te ជារឿយៗថាជា ”ជនបំបែករដ្ឋដ៏គ្រោះថ្នាក់” និងតែងជំទាស់ទៅនឹងបណ្តាប្រទេសនានាលើពិភពលោក ក្នុងការភ្ជាប់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់។ ជាញឹកញាប់ រដ្ឋាភិបាលចិនតែងធើ្វការអំពាវនាវឱ្យសហរដ្ឋអាម៉េរិកគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនអំពី ”គោលការណ៍ចិនតែមួយ” និងបញ្ចប់ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ដើម្បី ធានាសន្តិសុខនិងស្ថិរភាពក្នុងតំបន់ទៅថ្ងៃខាងមុខ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Global Times/ Taiwan Gov’t./ Others