សង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ថា មួយខែចុងក្រោយនេះ កម្ពុជាពិតជាមានមោទនភាពដែលសម្រេចបាន នូវព្រឹត្តិការណ៍ដ៏សំខាន់ៗចំនួន ៤

image

អត្ថបទ ៖ ហ៊ន សុភ័ក្រ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ក្នុងរយៈពេលជាងមួយខែចុងក្រោយនេះ កម្ពុជាពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់ៗចំនួន ៤ ។ ការបង្ហាញការកត់សម្គាល់នេះក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៤នេះ ។


ព្រឹត្តិការណ៍បួនដែលសម្តេចកត់សម្គាល់នោះ ទី១ . កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP12) សម័យ ប្រជុំពេញអង្គ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ (IPTP11) និងកិច្ចប្រជុំកំពូល សៀមរាប-អង្គរស្តីពី ពិភពលោកមួយដែលគ្មានមីន។


សម្តេចធិបតី បានកត់សម្គាល់ថា ព្រឹត្តិការណ៍ទាំងនេះ ផ្តោតសំខាន់លើ សន្តិភាព ការផ្សះផ្សាជាតិ និងការអត់ឱន ដែលសុទ្ធសឹងជាគោលការណ៍គ្រឹះនៃនយោបាយ ឈ្នះ-ឈ្នះ និងជាបទពិសោធន៍សម្រាប់ការចែករំលែកជាសាកល ជាពិសេសបណ្តាប្រទេសដែលកំពុងជួបប្រទះ ជម្លោះនិងសង្គ្រាមស៊ីវិល។ លើសពីនេះ លទ្ធផលគួរជាទីមោទនៈដែលគួររំលេចនោះគឺ សម័យប្រជុំពេញអង្គនៃ សភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ បានគាំទ្រការអនុម័តធម្មនុញ្ញសន្តិភាពសកល (UPC) ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលអាចក្លាយជាក្របខ័ណ្ឌនៃកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងចំណោមប្រជាជាតិ សហគមន៍ និងសកលលោក។

ព្រឹត្តិការណ៍ទី២- ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ទី៣- ការរៀបចំ «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ឆ្នាំ២០២៤» ទី៤- ការចុះបញ្ជី «ក្រមា» របស់ជាតិខ្មែរ តំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការ យូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ៕