ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោងនឹងធ្វើនៅថ្ងៃទី២៩ ខែធ្នូ នៅពហុកីឡដ្ឋានមរតកតេជោ
ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានមរតកតេជោ ដែលមានមហាជនចូលរួមប្រមាណជិត ៥ម៉ឺននាក់ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់បាល់ ថតរូបអនុស្សាវរីយ៍ និងសំណេះសំណាល ក្នុងព្រឹត្តិការណ៍នេះផងដែរ។
ដើម្បីឱ្យព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះដំណើរការទៅដោយរលូន និងជោគជ័យ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំមួយជាមួយស្ថាប័នពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពី លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី, លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, នាយឧត្តមសេនី ស ថេត អគ្គស្នងការនគរបាលជាតិ,លោក សំហេង បុរស តំណាងលោកឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះ ដើម្បីអបអរសាទរខួប២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជាដែលរកមកបានដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ អរគុណសន្តិភាព គឺអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដូច្នេះព្រឹត្តិការណ៍បាល់ទាត់នេះ ត្រូវតែធ្វើឡើងដោយភាពគគ្រឹកគ្រេងជាមួយការប្រគុំតន្ត្រី សម័យ បុរាណ។ ចំពោះការងារសន្តិសុខ ត្រូវតែពង្រឹងឱ្យបានម៉ឹងម៉ាត់បំផុត។ សន្តិភាពមានតម្លៃណាស់កាត់ថ្លៃមិនបានសូម្បីតែប្រទេសខ្លះសុខចិត្តកាត់ឱ្យគេដូរយកសន្តិភាពក៏រកមិនទាន់បានផង។ សព្វថ្ងៃបណ្ដាប្រទេសលើពិភពលោកគេមកស្វែងយល់ និងយកបទពិសោធន៍សន្តិភាពនៅកម្ពុជាទៀតផង។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណជិត៥ម៉ឺននាក់។ ដូច្នេះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជារឿងសំខាន់បំផុត ដោយគ្រប់ស្ថាប័ន ត្រូវសហការគ្នាធ្វើឱ្យបានល្អបំផុត ជាមួយនិងការទទួលខុសត្រូវរៀងៗខ្លួន។
លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បាល់ទាត់នេះ ផ្សារភ្ជាប់ជាមួយសន្តិភាព។ សន្តិភាពបានមកដោយលំបាក ដូច្នេះហើយបានគេយកប្រទេសកម្ពុជាជាគំរូ រហូតគេផ្តល់មេដាយសន្តិភាពជូនកម្ពុជា«សម្ដេចតេជោហ៊ុន សែន» ថែមទៀត។
ដូច្នេះត្រូវផ្សាយខ្លឹមសារនៃព្រឹត្តិការណ៍នេះឱ្យទូលំទូលាយ។ ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់ ត្រូវរួមគ្នាធ្វើ និងទទួលខុសត្រូវទាំងអស់គ្នា និងសុំឱ្យបានការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្តផងដែរ។
ក្រៅពីការងារសន្តិសុខសណ្តាប់ធ្នាប់ ការងាររៀនចំចំណត និងការងារ អនាម័យ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ជាមួយនឹងការជំរុញឱ្យក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បន្ថែមល្បឿនកម្លាំងសេវាទូរស័ព្ទ ដោយសារមនុស្សចូលរួមច្រើន។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយមានការប្រកួតចំនួន២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង ១៧:០០នាទី៕