គណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា បានបន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹង ក្នុងមូលដ្ឋាន និងបទល្មើសផ្សេងៗដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹង និងបទល្មើសផ្សេងៗដើម្បីបង្ការទប់ស្កាត់ រាល់បទល្មើស នៅក្នុងមូលដ្ឋាន ជាពិសេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាបទល្មើសផ្សេងៗ អនុវត្តតាមប្រមុខថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។
ជាក់ស្ដែងនៅយប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៤ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាព បានដឹកនាំផ្ទាល់ ដោយមានកម្លាំងចម្រុះ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ស្រវឹង និងបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងដើម្បីបង្កើនភាពសន្តិសុខ ជូនប្រជាពលរដ្ឋឲ្យមានភាពប្រសើរ។
លោក ថេង សុថុល ប្រធានគណៈបញ្ជាការឯកភាព បានដឹកនាំចុះផ្ទាល់ បានឲ្យដឹងថាការចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍នេះ យោងតាមថ្នាក់ដឹកនាំ ដែលដាក់បទបញ្ជាឲ្យដាក់ត្រួតពិនិត្យជាប់ជាប្រចាំ និងតាមបណ្ដាលគោលដៅផ្សេងៗនៅក្នុងមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសជាពិសេស គឺបទល្មើសគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងមួយថ្ងៃជាច្រើនករណី បណ្ដាលឱ្យមានមនុស្សរងរបួស និងស្លាប់ជាប់ជាប្រចាំ ហើយដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ យើងទាំងអស់គ្នា សូមចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្នុងពេលស្ថានភាពស្រវឹង។
ក្នុងឱកាសនេះ លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច ដែលចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅ ជាប្រយោជន៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ៕