ទីបញ្ជាការកងទ័ពស៊ីរី៖ របបគ្រប់គ្រងរបស់លោក អាសាដ ឈានចូលដល់ថ្ងៃអវសានហើយ
ស៊ីរី៖ នៅថ្ងៃអាទិត្យនេះ យោធាស៊ីរី បានជូនដំណឺងដល់មន្ត្រីថា របបគ្រប់គ្រងរយៈពេល ២៤ឆ្នាំរបស់ប្រធានាធិបតី បាសារ អាល់អាសាដ (Bashar al-Assad) បានឈានដល់ថ្ងៃបញ្ចប់ហើយ បន្ទាប់ពីក្រុមឧទ្ទាមបានធ្វើការវាយលុកយ៉ាងគួរឱ្យភ្ញាក់ផ្អើល ដោយចូលទៅកាន់កាប់ទីក្រុងដាម៉ាស (Damascus)។
កងកម្លាំងរបស់ក្រុមឧទ្ទាម បានប្រកាសថា រដ្ឋធានីនេះ «លែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកអាសាដទៀតហើយ» ដោយចាប់ផ្ដើមប្រកាសនូវសេចក្ដីថ្លែងការណ៍ទៅកាន់ប្រជាជនស៊ីរី។ ក្រោយការកាន់កាប់ពីសំណាក់ក្រុមឧទ្ទាម លោកអាសាដ (Assad) ក៏បានរត់ភៀសខ្លួនចេញពីទីក្រុងដាម៉ាសតាមរយៈជើងហោះហើរចេញពីអាកាសយានដ្ឋានដាម៉ាស ដោយគេមិនទាន់ដឹងទេថា លោកធ្វើដំណើរទៅកាន់ទីតាំងណាឱ្យប្រាកដនោះទេ។
ទន្ទឹមនឹងនោះ ការអបអរសាទរបានផ្ទុះឡើងនៅក្នុងទីក្រុង ដើម្បីកត់សម្គាល់ពីពេលវេលាបញ្ចប់ការគ្រប់គ្រងតាមបែបផ្ដាច់ការរបស់ក្រុមគ្រួសារអាសាដ ក្នុងរយៈពេលជាង ៤០ឆ្នាំ។ ការដួលរលំនេះ គឺជាចំណុចរបត់ដ៏សំខាន់មួយនៅតំបន់មជ្ឈិមបូព៌ា ព្រោះវាធ្វើឱ្យឥទ្ធិពលរបស់រុស្ស៊ី និងអ៊ីរ៉ង់ ចុះខ្សោយ ខណៈប្រទេសទាំងពីរនេះ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ដែលគាំទ្ររបបរបស់លោកអាសាដ។
ក្នុងពេលដំណាលគ្នា ក្រុមឧទ្ទាមក៏បានធ្វើការដោះលែងអ្នកទោសចេញពីពន្ធនាគារ Sednaya ជាទីកន្លែងនៃការជិះជាន់របស់របបនេះ។ ខណៈនេះ រដ្ឋាភិបាលរបស់លោកអាសាដ បានបាត់បង់ទីតាំងដ៏សំខាន់ ដោយការដួលរលំទីក្រុង Homs និងតំបន់ផ្សេងទៀតឱ្យធ្លាក់ចូលទៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ ។
ព្រឹត្តិការណ៍ដ៏ឆាប់រហ័សនេះ បានធ្វើឱ្យតំបន់នេះធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់ ស្របពេលក្រុមឧទ្ទាម ជាពិសេស ក្រុម Hayat Tahrir al-Sham កំពុងតែទទួលបានភាពរឹងមាំក្នុងការគ្រប់គ្រង ប៉ុន្តែបានបង្កឱ្យមានក្ដីព្រួយបារម្ភជាអន្តរជាតិថា អស្ថិរភាពអាចនឹងកើតមានឡើង ឬជ័យជម្នះរបស់ពួកគេ អាចនឹងនាំឱ្យមានការគ្រប់គ្រងដ៏ឃោរឃៅលើរដ្ឋអ៊ីស្លាម ខណៈមហាអំណាចក្នុងតំបន់ បានអំពាវនាវឱ្យមានដំណោះស្រាយនយោបាយនាពេលនេះ។
ទោះបីជាមានក្ដីព្រួយបារម្ភទាំងអស់នេះក៏ដោយ មេដឹកនាំក្រុមឧទ្ទាម បានព្យាយាមធានាដល់ជនជាតិភាគតិច និងសហគមន៍អន្តរជាតិថា ពួកគេនឹងមិនកំណត់វិធានការខ្លាំងក្លាណាមួយនោះទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters
រូបភាព៖ AP/ Reuters/ Others